(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរឆ្លងកាត់ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគជាបណ្តោះអាសន្ន ដើម្បីរៀបចំពិធីបដិមាភិសេក «ព្រះថោងនាងនាគ» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តព្រះសីហនុនឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្នចាប់ពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រហូតដល់ចប់កម្មវិធី នៅតាមមហាវិថីមួយចំនួនដូចខាងក្រោម៖
១៖ មហាវិថីជំទាវម៉ៅ ចាប់ពីចំណុចផ្លូវបំបែកស្លាកខ្មែរធ្វើបានរហូតដល់រង្វង់មូលព្រះថោងនាងនាគ។
២៖ មហាវិថីជំទាវម៉ៅ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤ រហូតដល់រង្វង់មូលព្រះថោងនាងនាគ។
៣៖ មហាវិថីឆ្នេររាម ចាប់ពីរង្វង់មូលព្រះឪមា-មហេសូរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖