(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន ព្រមទាំងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញទស្សនា ការរៀបចំព្រឹត្តិការណ៍នៃការរៀបចំសង្ក្រាន្តខេត្តកណ្ដាល ជាមួយនឹងស្នាមញញឹម សរសើរមិនដាច់ពីមាត់នូវភាពប៉ិនប្រសព្វរបស់អភិបាលខេត្ត និងសហការី ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះយ៉ាងស្រស់ស្អាត និងពោរពេញទៅដោយភាពសប្បាយរីករាយ ។

ស្ថិតក្នុងឱកាសលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន ក៏បានថ្លែងកោតសរសើរចំពោះអភិបាលខេត្តកណ្ដាល និងក្រុមការងារក្រោមឱវាទទាំងអស់ ចំពោះភាពប៉ិនប្រសព្វនៃការរៀបចំសង្ក្រាន្ត ដោយមើលឃើញពីរបៀបរៀបចំសោភ័ណភាពល្អ ស្អាត សណ្ដាប់ធ្នាប់ល្អ ត្រៀមរួចរាល់នូវការបាញ់កាំជ្រួច តង់លក់ដូរ កម្លាំងពេទ្យ កម្លាំងការពារសុវត្ថិភាពជាដើម។

ជាមួយគ្នានេះដែរ លោក៏បានផ្ដាំផ្ញើរដល់មន្ត្រីទាំងអស់បន្តខិតខំរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាលឲ្យរលូនល្អ ប្រកបដោយសុខសុវត្ថិភាព ភាពសប្បាយរីករាយ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អចំពោះប្រជាជន ដែលនេះសបញ្ជាក់ឲ្យឃើញពីកត្តាសន្តិភាពនាំឲ្យយើងមានឱកាសកសាងប្រទេសជាតិ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដែលញ៉ាំងឲ្យមានភាពសប្បាយរីករាយផងដែរ ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានថ្លែងជំរុញដល់អាជ្ញាធរខេត្តកណ្ដាល បន្តផ្សព្វផ្សាយដល់ពលរដ្ឋដែលមកលេងកំសាន្ត ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា មានជែលអាល់កុល ឬអាល់កុលឲ្យគ្រប់ៗគ្នា ដើម្បីការពារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ ដ្បិតវាបានធូរស្រាលយ៉ាងណាក្ដី ប៉ុន្តែត្រូវចូលរួមការពារទាំងអស់គ្នា ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងដែរវា មានសន្តិភាពទើបមានភាពសប្បាយរីករាយយ៉ាងដូច្នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃររបស់សម្ដេចតេជោ ហ៊ុន សែន ទើបមានការរីកចំរើនដូចសព្វថ្ងៃនេះ ។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំការលេងល្បែងប្រជាប្រិយ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ និងមានភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តនាថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះផងដែរ៕