(ម៉ានីល)៖ លោក Rodrigo Duterte បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលពីន ដោយសំឡេងគ្រប់គ្រាន់ នៅក្នុងលទ្ធផលជាបឋម ដែលចេញនៅព្រឹកថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០១៦ នេះ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
ការបោះឆ្នោតជាតិនៅហ្វីលីពីន បានប្រារព្ធឡើងកាលពីថ្ងៃចន្ទ ម្សិលមិញនេះ ដោយប្រជាជនជាង ៥០លាននាក់ដែលមានសិទ្ធិបោះឆ្នោត បានចូលរួមជ្រើសរើសប្រធានាធិបតី ថ្មីដែលពួកគេពេញចិត្ត។ តាមលទ្ធផលបឋមនោះ សំឡេងឆ្នោតរបស់លោក Duterte មានចំនួន ៣៨,៦៥ភាគរយ ហើយលទ្ធផលនេះគឺនាំមុខគូប្រជែងរបស់ខ្លួនគឺលោក Mar Roxas ដែលបានតែ ២៣,១៦ភាគរយ ខណៈសមាជិកព្រឹទ្ធសភា Grace Poe បាន ២១,៧១ភាគរយ។
គួរបញ្ជាក់ថាលោក Rodrigo Duterte គឺជាអភិបាលទីក្រុង Davao ភាគខាងត្បូងប្រទេស ហ្វីលពីន ជាយូរណាស់មកហើយ។ នៅក្នុងយុទ្ធនាការឃោសនាសំឡេងឆ្លោតកន្លងមក លោកបាន សន្យាថា ប្រសិនបើលោកជាប់ឆ្នោត បញ្ហាភ្លោះសម្រាប់លោកដោះស្រាយឲ្យបានព្រមគ្នានោះ គឺឧក្រិដ្ឋកម្ម និង ភាពក្រីក្ររបស់ប្រទេសសម្បូរដីកោះបំផុតមួយនេះ៕