(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅសប្តាហ៍ក្រោយសម្តេច នឹងចាកចេញទៅប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំខួប២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន និងរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងយ៉ាងដូច្នោះថា «នៅអាទិត្យក្រោយនេះ ខ្ញុំក៏នឹងចាកចេញទៅរុស្ស៊ីម្ខាង គឺដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ី ហើយម្ខាងទៀតក៏មានប្រជុំ ខួបអនុស្សាវរីយ៍លើកទី២០ នៃទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី ចឹងអវត្តមានប៉ុន្មនាថ្ងៃ ប៉ុន្តែអាឡូវពិភពលោកតូចណាស់ ហើយពិភពលោកទាក់ទងគ្នា ងាយស្រួលណាស់។ យើងទៅកាន់ប្រទេសនេះ ប្រទេសនោះ មានរបាយការណ៍ភ្លាមៗវាយតាម WhatApp Telegram Line យើងនៅភ្នំពេញ រឺនៅរុស្ស៊ី បារាំង ក៏អាចទាក់ទងគ្នាបានដែរ តែបើមានសភាពការណ៍ធ្ងន់ធ្ងរ យើងក៏អាចផ្អាកនូវការធ្វើដំណើរចេញ ទៅក្រៅប្រទេសបានដែរ ប៉ុន្តែខ្ញុំគិតថា នឹងអាចធ្វើដំណើរទៅបានដោយ មានតម្រូវវការ ចេញទៅប្រជុំនៅរុស្ស៊ីបែបនេះ»។
ការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់សម្តេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ខណៈសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕