(ភ្នំពេញ)៖ សំណុំរឿងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញនូវសារវិជ្ជមានមួយចំនួនឲ្យមន្រ្តីអង្គការសង្គមស៊ីវិលអនុវត្ត ដែលអាចនឹងមានការស្នើសុំ ទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូបន្ថយទោសដល់ពួកគេ។
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដារ នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ហាក់បានបង្ហាញនូវចេតនាក្នុងការដោះស្រាយបញ្ហា ដើម្បីឈានទៅដល់ការបន្ធូបន្ថយទោស ឬ អាចដោះលែងមន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្រ្តី គ.ជ.បម្នាក់។ សម្តេចតេជោ បានជំរុញឲ្យស្វែងរកមេធាវី ដើម្បីការពារក្តីដល់ពួកគេ ប្រសើរជាងការដាក់សម្ពាធ។
សម្តេចតេជោ បានបញ្ជាក់ថា ការដាក់សម្ពាធមិនមែនជាដំណោះស្រាយល្អនោះឡើយ ផ្ទុយទៅវិញជាការដុតឲ្យខ្លោចរោចឲ្យឆៅ ហើយធ្វើឲ្យអ្នកជាប់ឃុំកាន់តែមានបញ្ហាទៅវិញ។
សម្តេចតេជោបានបញ្ជាក់ដូច្នេះថា «ខ្ញុំបញ្ជាក់អ្នកឯងស្លូត ខ្ញុំក៏ត្រូវគិតដែរ បើអ្នកឯងព្រហើន ខ្ញុំក៏ត្រូវគិតដែរ ព្រោះអីចេះ ឥឡូវដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ ប៉ុន្តែរួចពីដំណើរការរបស់តុលាការ ពេលសាលក្រមចូលជាស្ថាពរវាស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្រ្តីវិញ ព្រោះច្បាប់ពន្ធនាគារ គេអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី ធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ឬបន្ធូរបន្ថយទោសនៅពេលណា ក៏បាន។ ប៉ុន្តែបើអ្នកឯងធ្វើបែបហ្នឹង គឺរុញឲ្យខ្លោចរោចឲ្យឆៅ ហើយធ្វើឲ្យអ្នកដែលជាប់នោះ កាន់តែមានបញ្ហាទៅវិញទេ ហើយរដ្ឋបាលមិនអនុញ្ញាតទេ ព្រោះនេះជាបញ្ហាសន្តិសុខមនុស្សរាប់លាននាក់ មិនបញ្ហាបុគ្គល ៤-៥នាក់ទេ ហើយបុគ្គល ៤-៥នាក់ហ្នឹង បើមិនខុសទេ ក៏គេមិនយកទៅធ្វើស្អីដែរ»។
សម្តេចបានបន្ថែមថា «ឥឡូវដំណើរការតាមផ្លូវច្បាប់រកវិធីដោះបន្ទុក តាមរយៈការផ្តល់មេធាវី រកមេធាវីឲ្យពូកែ រកមេធាវីដោះស្រាយបន្ទុកទើប ជាបញ្ហាត្រឹមត្រូវតាមផ្លូវច្បាប់ មិនអាចមកដាក់សម្ពាធតាមរយៈពណ៌នេះ ពណ៌នោះ ថ្ងៃនេះ ថ្ងៃនោះ អត់ទេ អាហ្នឹងនិយាយឲ្យច្បាស់»។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ។
ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕