(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នេះ នៅបរិវេណប្រាសាទចៅសាយទេវតា នៃរមណីយដ្ឋានអង្គរ មានការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ដែលយាងចុះមកនៅវេលាម៉ោង១០។

ពិធីទទួលទេវតា ត្រូវបានរៀបចំឡើងនៅទីតាំងរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៃប្រាសាទចៅសាយទេវតា ដោយមានការចូលរួមពីសម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ ក្នុងនោះក៏មានការចូលរួមពីអភិបាលខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋជាច្រើនទាំងជិត ទាំងឆ្ងាយផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត រៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ តាមទីតាំងមួយចំនួន ដោយកម្មវិធីសាសនា សិល្បៈ រៀបចំនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នៃរមណីយដ្ឋានអង្គរ៕