(ឥណ្ឌា)៖ មន្ត្រីជាន់ខ្ពស់តុលាការឥណ្ឌា បានប្រកាសឲ្យដឹងថា ស្ថាប័នតុលាការនៃប្រទេសឥណ្ឌា ត្រូវបានចៅក្រមច្រើនជាង ៧ម៉ឺននាក់បន្ថែមទៀត ដើម្បីបញ្ចប់រឿងក្ដីដែលនៅសេសសល់ ដោយសេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញពីក្ដីបារម្ភចំពោះចំណាត់ការរបស់តុលាការឥណ្ឌា ថាមានសភាពយឺតយ៉ាវ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Indian Express ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា។
លោក T S Thakur ប្រធានតុលាការឥណ្ឌា បានចេញមុខប្រកាសថា ស្ថាប័នតុលាការត្រូវបានចៅក្រមបន្ថែមច្រើនជាង ៧ម៉ឺននាក់ ដើម្បីបញ្ចប់រឿងក្ដីដែលសល់។ ស្ថាប័នតុលាការឥណ្ឌា មិនបានធ្វើការយឺតយ៉ាវនោះទេ ប៉ុន្តែបច្ចុប្បន្នគឺកង្វះចៅក្រម។
«ក្នុងពេលដែលគណៈកម្មការច្បាប់នៃប្រទេសឥណ្ឌា កាលពីឆ្នាំ ១៩៨៧ បានស្នើឱ្យមានចៅក្រម ៤៤០០០នាក់ ដើម្បីដោះស្រាយពាក្យបណ្តឹងឱ្យមានប្រសិទ្ធិភាពនោះ បែរជាសព្វថ្ងៃនេះ ឥណ្ឌា មានចៅក្រមតែ ១៨.០០០នាក់ប៉ុណ្ណោះ»។ នេះជាសំដីរបស់លោក Thakur បញ្ជាក់បន្ថែម។
ជាចុងក្រោយ ប្រធានតុលាការរូបនេះបានព្រមានថា ការខ្វះខាតចៅក្រម គឺជាសត្រូវដ៏គួរឱ្យភ័យខ្លាចនៅក្នុងប្រព័ន្ធយុត្តិធម៌ដែលឥណ្ឌាកំពុងតែប្រឈមមុខ។ រដ្ឋាភិបាល មិនអាចបដិសេធនូវសិទ្ធិជាមូលដ្ឋានក្នុងការដាក់ពាក្យបណ្តឹងរបស់ប្រជាជនបានឡើយ៕