(សៀមរាប)៖ ថ្នាក់ដឹកនាំសហគមន៍ខ្មែរ-ឥស្លាម ចុះចែកអំណោយជាកញ្ចប់អាហារស្រាយបួស ដល់សាសនិកឥស្លាមក្នុងក្រុងសៀមរាប និងតំណាងមកពីតាមបណ្តាស្រុក សរុបចំនួន ១៨០គ្រួសារ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសចែកអំណោយជាកញ្ចប់អាហារស្រាយបួស នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញេីដល់សាសនិកឥស្លាមទាំងអស់ និងជាពិសេសថ្នាក់ដឹកនាំតាមបណ្តាវិហារ ស៊ូរ៉ាវ ឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។

ចំណែកលោក ស្រេន សុព្រី សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានពាំនាំនូវការផ្តាំផ្ញេីរ សួរសុខទុក្ខ ពីលោកអភិបាលក្រុងសៀមរាប ដល់បងប្អូនសាសនិកឥស្លាមផង ដែរ ។

លោកក៏សូមថ្លែងអំណរគុណចំពោះសមាគមសប្បុរសធម៍ដេីម្បីជួយដល់ជនក្រីក្រខេត្តសៀមរាប និងបានផ្តាំផ្ញេីដល់បងប្អូនសាសនិកឥស្លាម ត្រូវគោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីសុវត្ថិភាពនៅតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ដែលនាំឲ្យមានផលលំបាកដល់ក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិ ស្របពេលដែលក្រុងសៀមរាប ទើបទទួលបាននូវសមិទ្ធិផលថ្មីស្រឡាង គឺផ្លូវ ៣៨ខ្សែ ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជាកញ្ចប់អាហារសម្រាប់ស្រាយបួសក្នុងខែរ៉ម៉ាទន ចំនួន ១៨០កញ្ចប់ ស្មេីនឹង ១៨០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន ៖ អង្ករ១០គីឡូ ផ្លែឈើកំប៉ុង១កំប៉ុង ទឹកក្រូច២ដប ស្ករស១គីឡូ ននិងទឹកដោះគោ២កំប៉ុង៕