(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលទទួលបានពីសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាជូនដល់ វិហារ និងស៊ូរ៉ាវ ចំនួន២៦នៅរាជធានីភ្នំពេញ ដែលពិធីនេះត្រូវបានប្រព្រឹត្តទៅនៅឯវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

ទេសរដ្ឋមន្រ្តី បានបន្តថា សហគមន៍ឥស្លាមត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម ជារៀងរហូតមក។

ទន្ទឹមនឹងនេះ ទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ក៏ដោយ នៅក្នុងឆ្នាំ ២០២០ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ -សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដល់ចំនួន ៤៦,២៥២កញ្ចប់ ដែលបានបែងចែកទៅដល់ ៤២,៩៦០គ្រួសា រ សរុបជាថវិកា ៧២៨,៤៩៤ដុល្លារ, រួមទាំងគោគួរបានចំនួន ៦,៩២០ក្បាល និង ពពែចំនួន ១,៧៤០ក្បាល ដែលសរុបជាថវិកា ៣,៣៧៨,៤២១ដុល្លារ។

ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើងដល់ ៧៤,៩២១កញ្ចប់ ដែលបានបែងចែកទៅដល់ ៧៣,១៩២គ្រួសា រ សរុបជាថវិកា ១,៣៨៤,៦៣៩ ដុល្លារ, រួមទាំងគោគួរបាន ចំនួន៨,២១០ក្បាល និង ពពែ ចំនួន ១,៨២៥ក្បាល ដែលសរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។

ក្នុងឱកាសនេះ លោក ក៏បានថ្លែងអំណរគុណចំពោះម្ចាស់អំណោយទាំងក្នុង និងក្រៅប្រទេស រួមទាំងបណ្តាអង្គការ-សមាគមសប្បុរសធម៌នានា ដែលបានធ្វេីសកម្មភាពរួមសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា។ ពិសេសគឺអរគុណចំពោះសន្តិភាព និងការបេីកទូលាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលអំណោយពីបណ្តាប្រទេសនានា។

លោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដូចច្នេះ យេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ខាងលើមាន ទឹកសុទ្ធ ២៥០កេសទឹកក្រូច ១២០កេស ទឹកផ្លែឈើ ១២០កេស និងផ្លែល្មើ ១១កេស៕