(កំពង់ស្ពឺ)៖ សង្ក្រានឆ្នាំថ្មី២០២២នេះ ជាថ្ងៃដំបូង រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរសុខាភិបាលខេត្ត បាននាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅចាក់ជូនកុមារដែលបានធ្វើដំណើរកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តសូមកោតសរសើរចំពោះមាតាបិតាអាណាព្យាបាលរបស់កូនក្មួយទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់អំពីសុខមាលភាពរបស់កូនក្មួយ និងចៅរបស់ខ្លួន។
លោកអភិបាល ក៏បានស្ងើចសសើរចំពោះសកម្មភាពប្រជាពលរដ្ឋឆ្លៀតឱកាសដ៏មមាញឹកមកទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ៕