(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរក្រោមឱវាទរាជធានីភ្នំពេញ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយបានបានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យមានសេចក្តីសុខចំរុងចម្រើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។

ពិធីនេះក៏បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំឮក ឡើងវិញពីសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកសាងឡើង ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភ័ណភាព ក្នុងរាជធានីភ្នំពេញផងដែរ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្នះអស់នូវគ្រោះចង្រៃឧបទ្រុបទាំងពួង ដែលកើតមានពីឆ្នាំចាស់ឱ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តី ពីទេវតាឆ្មាំថ្មី ព្រះនាមកិរិណីទេវី ដែលជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាសក័ ព.ស ២៥៦៦ បានចូលមកដល់នៅវេលាម៉ោង១០.០០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។

នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីឡើងវិញ ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ១៩។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

នាឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទម្រង់វប្បធម៌ជាតិជាច្រើន។ មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយ៍ មានទាញព្រ័ត្រ, លោតបាវ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង និងរាំកម្សាន្តជាដើម នៅសង្រ្កាន្តវត្តភ្នំ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកម្សាន្តដល់ប្រជាពលរដ្ឋដែលមិនបានអញ្ជើញទៅស្រុកកំណើត។

លោក ឃួង ស្រេង បានថ្លែងថា៖ «យើងបានសប្បាយរីករាយ គឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២នេះ និងព្រឹត្តិការសំខាន់មួយទៀត គឺការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស, ចរន្តអគ្គិសនីជាដើម។

ក្នុងសេចក្តីអំពាវនាវដដែលនេះដែរ ក៏បានណែនាំឱ្យជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយនឹងរំពាត់ ទៅលើអ្នកដំណើរ, ការជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿផ្ទុះគ្រប់ប្រភេទដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ សិក្ត័សមជាកុលបុត្រ កុលធីតាខ្មែរប្រកបដោយគុណធម៌ និងសីលធម៌៕