(ព្រះសីហនុ)៖ ស្របពេលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ទទួលអំណរសាទរពេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក នៅព្រឹកថ្ងៃ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ បានប្រារព្វពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពីភូមិគ្រឹះលំហែយកាយមាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅមុនការយាងមកដល់ នៃទេវតាឆ្នាំថ្មី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំតុបតែងលំអលំនៅដ្ឋាន រៀបចំតុថ្វាយគ្រឿងដង្វាយទេវតាឆ្នាំថ្មី ដែលរួមមានការរៀបចំបាយសី៩ថ្នាក់ ផ្លែឈើ ភេសជ្ជៈ នំចំណី ទឹកអប់ប្រេងម៉្សៅ ផ្កាភ្ញីទៀនធូប ប្រកបដោយក្បូរក្បាច់រចនា តាមទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អឥតខ្ជោះ ដើម្បីទទួលអណរ សាទរទេវតាឆ្នាំថ្មី ដែលយាងមកឃុំគ្រងចក្រវាឡយើងនេះ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម។
បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គឺជាពិធីបុណ្យមួយ ដែលមានអាយុកាលដ៏យូរលង់ណាស់មក។ ប្រជាពលរដ្ឋខ្មែរ រួមទាំងប្រទេសជិតខាងមួយចំនួនទៀត ដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ារ បានប្រារព្វពិធីបុណ្យចូឆ្នាំប្រពៃណីជាតិដូចគ្នា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០-២០២១ កម្ពុជាខកខានក្នុងការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការរីករាលដាននៃជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាបំផុត ក្នុងប្រទេសកម្ពុជា។
ក្រោយការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា ពិសេសការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប លើការអនុវត្តនិងចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់ស្រោចវ៉ាក់សាំង ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ កម្ពុជាបានបើកចំហប្រទេសលើគ្រប់វិស័យ ពិសេសបានបើកចំហប្រទេស ក្នុងការដើរលេងកំសាន្ត ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ក្នុងស្នាមញញឹម ភាពសប្បាយរីករាយ សម្លេងសើចក្អាកក្អាយពីគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច ក្រោមម្លប់សន្តិភាពសម្តេចតេជោ សែន និងក្រោមម្លប់នៃបារមីដ៏ត្រជាក់ នៃអង្គព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។
ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម បានយាងចុះមកឃុំគ្រងចក្រវាឡយើងនេះ នៅវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ បានអញ្ជើញបូជាទៀនធូបទឹកអប់ប្រេងម៉្សៅថ្វាយ និងទទួលអំណរទេវតាឆ្នាំថ្មី ដែលយាងមកឃុំគ្រងចក្រវាឡយើងនេះ ក្នុងទឹកចិត្តជ្រះថ្លា និងមានស្នាមញញឹមប្រកបដោយមោទនភាពជាតិ ក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសជាតិ កាន់តែខ្ពង់ខ្ពស់ថែមទៀត ពិសេសការខិតខំជំនៈដោះស្រាយក្នុងកាលៈទេសៈដ៏លំបាក់នៃវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ ១៩ និងការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែង ដែលបាននិងកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលលឆ្នាំថ្មី ប្រពៃណីជាតិ សម្តេចតេជោបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មី២០២២នេះ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាងនិង ការពារមាតុភូមិជាទីស្នេហា និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាន និងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន។
ក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្នុងនាមរាជរដ្ឋាភិបាលព្រមទាំង មន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សម្តេចតេជោ បានលំឱនកាយ វាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាជនខ្មែរ ជាកូន ចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សូមប្រគេនព្រះពរចំពោះសម្ដេចព្រះអគ្គមហាសង្ឃ រាជាធិបតី សម្តេចព្រះ សង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទ ក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេចតេជោ បានជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាននិងកំពុងរួមចំណែកការពារបូរណភាពទឹកដីនិងថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗសិស្សានុសិស្ស និសិ្សត យុវជន យុវនារី កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដី កម្ពុជា សូមទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែរក្សាប្រជាជនខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមឱ្យរួចផុតពីជំងឺ កូវីដ-១៩នេះ។
សម្តេចតេជោ បានបួងសួងសូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ៕