(រតនគិរី)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំនូវ «សង្ក្រាន្តរតនគិរី» នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។

ពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រីព្រមទាំងមន្ត្រីអ្នកមុខអ្នកការតាមបណ្តាមន្ទីរ អង្គភាព ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានសម្តែងក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តរតនគិរី» ដែលបានរៀបចំឡើងក្នុងពេលនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងនូវកតញ្ញូតាធ៌ម ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្វុវិស័យគោលនយោបាយដ៏ត្រឹមត្រូវទទួលបានជោគជ័យជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០នាពេលអនាគត។

ជា មួយគ្នានេះដែរ លោក ញ៉ែម សំអឿន បានបន្តថា ទោះបីពិភពលោកជួបវិបត្តិសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលានិ ងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងឆ្លើយតបជំងឺកូវីដ១៩ ដើម្បីសង្គ្រោះការពារអាយុជីវិតប្រជាជន និងពុះពារជ័យជម្នះ ដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយ បានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យជាមួយនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ខេត្តរតនគិរី ពិតជាមានកិត្តិយសខ្លាំងណាស់ដោយរៀបចំនូវទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រួមមានការរៀបចំតុបតែងលម្អរ ការតាំងពិព័ណ៍ និងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ប្រពៃណីសិល្បៈវប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាពដ៏រុងរឿងរបស់យើង»

លោក ញ៉ែម សំអឿន បានស្នើដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយនូវសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាតព្រមទាំងត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានគ្រប់គ្នា និងសំណូមពរដល់កងកម្លាំងទាំអស់សូមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យបានល្អប្រសើរ៕