(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ២០២២នេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហោះសារអបអរសាទរ និងជូនពរបងប្អូនជនរួមជាតិ នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះ សម្តេចនៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមការណែនាំរបស់ក្រសូងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។ ជាពិសេសបើកបរ សូមគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរ និងជូនពរថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមបន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមការណែនាំរបស់ក្រសូងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរ ទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នា។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។ អរគុណ សន្តិភាព!»៕