(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និងជាអភិបាលខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ ស្ថិតនៅក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។
លោក ជា ពិសី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោល ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ក្រៅពីលោកអភិបាលខណ្ឌទួលគោករូបនេះ បានផ្ដាំផ្ញើឱ្យបង-ប្អូនប្រជាពលរដ្ឋ ប្រកាន់យកនូវការរក្សាអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរ។
បន្ថែមពីនេះ លោក ជា ពិសី បានអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)៕