(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីដែលជាបវេណីរបស់ខ្មែរ ជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់ក្រុមគ្រួសារខ្មែរ ព្រោះវេលានេះជាពេលជួបជុំដ៏សែនសប្បាយរីករាយបំផុត បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីគ្នា ដើម្បីបម្រើនូវបុព្វហេតុរៀងៗខ្លួនមានដូចជា បុព្វហេតុជាតិ បុព្វហេតុនៃជីវភាពគ្រួសារ និងការស្រវ៉ាវិជ្ជាជាដើម...។

បន្ទាប់ពីបានខកខានអស់រយៈពេលពីរឆ្នាំព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ អាចជួបជុំក្រុមគ្រួសារប្រារព្ធពិធីចូលឆ្ន ឬដើរលេងកម្សាន្តឡើងវិញហើយ។

ការរាតត្បាតជំងឺកូវីដ១៩ ពីរឆ្នាំកន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរខកខានការជួបជុំក្រុមគ្រួសារខ្មែរ ខកខានការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រង៉េះស្រង៉ោចនឹករលឹកដល់ភាពសប្បាយនៃការជួបក្រុមគ្រួសារសាច់ញាតិជាខ្លាំង។ តែឆ្នាំនេះភាពស្រងូតស្រង៉ាត់បានរសាត់បាត់ទៅ ជំនួសដោយភាពរីករាយក្អាកក្អាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាមួយការបានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តដូចមុនពេលកូវីដ១៩មករាតត្បាត។

រយៈពេលពីរឆ្នាំកន្លងមកនេះ បើយើងធ្មេញភ្នែកហើយរំលឹកឡើងវិញ ជាពេលវេលាដ៏សែនលំបាកសម្រាប់ប្រជាពលរដ្ឋ និងជាតិខ្មែរយើងទាំងមូល ព្រោះតែវត្តមានមេរោគឆ្លងសកលកូវីដ១៩។ រោគរាតត្បាតកូវីដ១៩ បានបន្ថែមបន្ទុក និងការលំបាកកាន់តែខ្លាំងសម្រាប់ការរស់នៅ និងការប្រកបកិច្ចការចិញ្ចឹមជីវិត ដែលជាបទពិសោធន៍ដ៏ជូរចត់មួយសម្រាប់ជីវិត។

ភាពសប្បាយរីករាយរបស់យើងនាពេលនេះ មិនអាចកើតមាននោះឡើយ ប្រសិនបើគ្មានការដឹកនាំមួយប្រកបដោយភាពឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងដ៏ស្វិតស្វាញបំផុតជាមួយនឹងមេរោគឆ្លងមួយនេះ។ ជាពិសេសការដាក់ចេញនូវប្រតិបត្តិការដ៏រហ័សរហួន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។

ភាពសោកសៅពីរឆ្នាំកន្លងទៅ និងពេលវេលាដ៏សប្បាយរីករាយនាពេលនេះ យើងមិនអាចមើលរំលង និងបំភ្លេចពីការដឹកនាំដ៏ខ្លាំងពូកែរបស់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាសេនាធិការរបស់លោកបាននោះឡើយ។ អរគុណរាជរដ្ឋាភិបាល អរគុណសម្តេចតេជោ អរគុណមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបាននាំឱ្យប្រជាពលរដ្ឋកម្ពុជាធានាសុវត្ថិភាពពីការរាតត្បាតជំងឺកូវីដ១៩ ងើបចេញពីវិបត្តិជំងឺកូវីដ១៩ និងអាចជួបជុំដោយស្នាមញញឹមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឡើងវិញ។

វិបត្តិកូវីដ១៩ ក៏បានធ្វើឱ្យអាជីវកម្មតូចធំជាច្រើន បានជួបការលំបាក និងក្ស័យធនក៏មាន។ អង្គភាពព័ត៌មាន Fresh News ដែលមានអាយុកាលជាង ៦ឆ្នាំ (១៥-ឧសភា-២០១៤) ក៏បានរងនូវផលលំបាកមួយចំនួនធំកើតចេញពីវិបត្តិរោគរាតត្បាតនេះ។ បើទោះបីជាយ៉ាងណា យើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាបាននូវដំណើរការរបស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ដំណឹងបច្ចុប្បន្នភាពលើស្ថានភាពជំងឺកូវីដ១៩ និងស្ថានភាពនានានៃសង្គមជាតិ។ យើងបានក៏បានដាក់ចិត្តយ៉ាងស្វិតស្វាញក្នុងការប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយទាំងឡាយ ដែលបង្កការយល់ច្រឡំចំពោះប្រជាពលរដ្ឋ និងបង្កើតជាវិធង្សនាក្នុងសង្គម។

រយៈពេលពីរកន្លងមកឆ្នាំនេះ យើងបានប្រឹងប្រែងទប់លំនឹងខ្លួនពីវិបត្តិកូវីដ១៩ ដើម្បីបន្តដំណើរការរបស់ខ្លួន និងបន្តផ្តល់ជម្រកការងារជូនដល់បុគ្គលិកជាង ១០០នាក់។ Fresh News មិនអាចពង្រឹងខ្លួនបាននោះឡើយ ប្រសិនបើគ្មានការប្រឹងប្រែងមិនសន្សំសំចៃកម្លាំងរបស់សហការីទាំងអស់ ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារ គ្រប់ពេលវេលាមិនថាយប់ថ្ងៃ។ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ ក្នុងការបញ្ជូនព័ត៌មាន ទៅកាន់ពិភពលោក»។

ក្នុងនាមជាអគ្គនាយក (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហការីគ្រប់ផ្នែកទាំងអស់។ ឆ្នាំថ្មីនេះ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនានៃជម្រករបស់ពួកយើង ខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីពង្រីកកេត្យានុភាព និងនាំមកនូវភាពរីកចម្រើនបន្ថែមសម្រាប់អង្គភាពមួយនេះ។ ខ្ញុំក៏នឹងប្រឹងប្រែងធ្វើឱ្យអង្គភាពមួយនេះក្លាយទៅជាទីពោរពេញដោយភាពក្តៅ និងជាម្លប់ដ៏ត្រជាក់ត្រជុំ ស្របតាមបំណងប្រាថ្នាដូចនឹងពាក្យមួយឃ្លាដែលខ្ញុំតែងតែងពោលថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិកមានភាពសប្បាយ រីករាយ និងមានជីវភាពធូរធារល្អប្រសើរ»

ខ្ញុំនៅតែសង្ឃឹមមុតមាំថា ទឹកចិត្តដ៏មុតស្រួចរបស់សហការីទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះឲ្យកាន់តែល្បាញល្បី ថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលរបស់ខ្លួន។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

ទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាម «កិរិណីទេវី» បានយាងចុះមកគ្រប់គ្រងចក្រវាឡ នាវេលាម៉ោង ១០ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះហើយ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំ តំណាងឲ្យសហការីអង្គភាពព័ត៌មាន Fresh News ទាំងអស់ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ទេវតាថែរក្សាព្រះស្វេតឆត្រ ទេវតាឆ្នាំថ្មីព្រះនាង កិរិណីទេវី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថ្វាយព្រះពរជ័យសិរីបវរមហាប្រសើរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។

ខ្ញុំក៏សូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានពលានុភាពខ្លាំងក្លា និងសុខភាពល្អបរិបូរណ៍ បញ្ញាឈ្លាសវៃ បន្តដឹកនាំនាវាកម្ពុជាប្រកបដោយភាពសុខដុម និងវិបុលភាពជារៀងរហូតទៅ។

ឆ្នាំថ្មីនេះ ខ្ញុំក៏សូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា និងសូមឲ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ច និងរបរអាជីវកម្ម។

ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងឱ្យជាតិខ្មែរបន្តយកឈ្នះលើជំងឺកូវីដ១៩ ក្រោមស្មារតីប្រយុទ្ធរួមគ្នាជាធ្លុងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថា យើងទាំងអស់គ្នាឈ្នះជំងឺកូវីដ១៩ និងមិនត្រូវរងទុក្ខដោយសារជំងឺនេះជាថ្មីទៀត។ ឆ្នាំថ្មី សូមពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត នៅក្នុងជីវិត៕