(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កូវីសែល (Covishield) ចំនួន ១២៥,០០០ដូសបន្ថែមទៀត ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២នេះ។
វ៉ាក់សាំង ១២៥,០០០ដូស ដែលដឹកមកដល់ព្រឹកថ្ងៃនេះ គឺជាចំនួនបង្គ្រប់នៃជំនួយវ៉ាក់សាំងសរុប ៣២៥,០០០ដូស នៃជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកមកដល់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។
បើទោះបីពេលបច្ចុប្បន្នស្ថានភាពនៃការរាតត្បាតនៅកម្ពុជា មានសភាពធូរស្រាលយ៉ាងណាក្តី តែវ៉ាក់សាំងនៅតែជាតម្រូវការចាំបាច់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់ជូនប្រជាពលរដ្ឋ។ ជាពិសេសការចាក់ដូសជំរុញ ដើម្បីបង្កើនកិច្ចការពារសុខភាពជូនប្រជាពលរដ្ឋពីការវាយប្រហារនៃមេរោគកូវីដ១៩។
លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយនោះ។ លោកស្រី បានបន្ថែមថា ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។
ក្នុងពិធីទទួលវ៉ាក់សាំងកាលពីថ្ងៃទី១២ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌាសម្រាប់ការផ្តល់ជំនួយវ៉ាក់សាំងនេះ៕