(ត្បូងឃ្មុំ)៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះស្ថិតនៅ លើផ្លូវជាតិលេខ៧២ ត្រង់ចំណុចមុខផ្ទះសំណាក់ទីក្រុងមានលាភ ស្ថិតនៅភូមិត្រពាំងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលម៉ូតូមួយគ្រឿង ម៉ាកសីុរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហោ រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាមន្ត្រីពន្ធនាគារ ម៣ នៅភូមិ-ឃុំកើតហេតុខាងលើ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បង្កជាមួយ ម៉ូតូម៉ាកសង់ទ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ (កំពង់ចាម1N-7078) បើកបរដោយឈ្មោះ មាស សុភ័ស ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម)។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសារជនរងគ្រោះបើកម៉ូតូទិសដៅ បញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង។
ម៉ូតូសង់ C១២៥ បើកបរពីជើងទៅត្បូង រីឯម៉ូតូសីុរ៉ូសបើកបរពីត្បូងទៅជើង ហើយមូលហេតុ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ សរុបការខូចខាតៈ ម៉ូតូ ០២គ្រឿង កម្រិតធ្ងន់។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕