(ភ្នំពេញ)៖ កាលពីពីជាង៤០ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយពួក «អាវខ្មៅ» ដែលយើងចងចាំមកទល់ថ្ងៃនេះគឺពួក «ខ្មែរក្រហមឬប៉ុលពត»។ ពេលនោះពួក «អាវខ្មៅ» បានល្បួងទាក់ទាញប្រជាពលរដ្ឋអោយធ្វើតាម និងជឿលើការដឹកនាំរបស់ពួកគេ។ ប្រជាពលរដ្ឋពេលនោះបានលង់ជឿស៊ុប លើការសន្យារបស់ពួកអាវខ្មៅ ដែលសន្យាដឹកនាំកសាងកម្ពុជា អោយសប្បូរសប្បាយ និងសន្យាមិនអោយមានអ្នកមាន ឬអ្នកក្រឡើយ គឺម្នាក់ៗមានថានៈស្មើភាពគ្នាទាំងអស់។

នៅពេលដែលក្រុមអាវខ្មៅ​ បានឡើងកាន់អំណាចទាំងស្រុងនៅថ្ងៃទី (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩) មិនត្រឹមតែមិនបានផ្តល់អោយប្រជាពលរដ្ឋ មានបាយទទួលទានបានគ្របគ្រាន់ទេ គឺពួកគេបានបង្អត់បាយប្រជាពលរដ្ឋ បង្ខំអោយពលរដ្ឋធ្វើការហួសកម្លាំង ធ្វើទារុណកម្ម និងសម្លាប់ចោលអស់រាប់លាននាក់។ យើងមិនអាចបំភ្លេចបាននូវឧក្រិដ្ឋកម្មប្រវត្តិសាស្រ្ត ដែលធ្លាប់បានកើតឡើង នៅក្នុងប្រទេសកម្ពុជាបានឡើយ ហើយយើងក៏មិនចង់ឃើញរបប ដែលដឹកនាំដោយពួកអាវខ្មៅ ដូចនេះ កើតឡើងសារជាថ្មីម្តងទៀត នៅលើទឹកដីនៃព្រះរាជាចក្រកម្ពុជា ជាបន្តទៀតដែរ។ ព្រោះថ្មីៗនេះមានលេចចេញក្រុមឃោសនាចលនាអាវខ្មៅ នៅក្នុងទីក្រុងភ្នំេពេញ។ រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជាមិនបណ្តោយអោយចលនាអាវខ្មៅនេះ បន្តសកម្មភាពបំផ្លាញសេចក្តីសុខ របស់កម្ពុជាបានឡើយ។

សូមបងប្អូនប្រជាពលរដ្ឋត្រិះរិះពិចារណាកុំចូលរួម និងយកជីវិតទៅប្តូរនៅក្នុងចលនាសកម្មភាព «អាវខ្មៅ» ជាលើកទី២អោយសោះ។ ដើម្បីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រូសារបងប្អូនជនរួមជាតិផ្ទាល់ ក៏ដូចជាស្ថិរភាព និងសន្តិភាពក្នុងប្រទេស សូមបងប្អូនចៀសអោយឆ្ងាយពីក្រុមមនុស្សទាំងនេះ ដែលអាចបំផ្លាញ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​ ដល់ប្រទេសជាតិយើង៕