(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០១៦-២០២០ ក្រសួងទេសចរណ៍ ត្រូវការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ប្រមាណ៨ម៉ឺននាក់ ក្នុងមួយឆ្នាំ ព្រមទាំងមណ្ឌលសិក្សាជំនាញនេះ ជាច្រើនកន្លែងផ្សេងទៀត ដើម្បីត្រៀមចូលខ្លួនទៅប្រកួតប្រជែងការងារ នៃវិស័យទេសចរណ៍ ក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ គណៈកម្មាការជាតិអ្នកជំនាញទេសចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា «អ្វីដែលយើងចង់បានក្នុងការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ គឺគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលរបស់ជាតិ ហើយបច្ចុប្បន្ន កម្ពុជាមានអ្នកជំនាញទេសចរណ ចំនួន៦២ម៉ឺននាក់ ដែលទទួលបានការបណ្ដុះបណ្ដាល ជំនាញបានត្រឹមត្រូវ និងទទួលលស្គាល់ពី ក្រសួងទេសចរណ៍។ ដល់ឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញទេសចរណ៍ ជិត១លាននាក់ទៀត ព្រោះនៅពេលនោះនឹងមានអ្នកទេសចរ មកលេងជាង៧លាននាក់ ដូចច្នេះហើយ បានជាក្រសួងត្រូវការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ ប្រមាណ៨ម៉ឺននាក់ក្នុងមួយឆ្នាំ»

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោក ទ្រី ឈៀវ អគ្គនាយករងជំនាញទេសចរន៍ បានបង្ហាញពីរបាយការណ៍បញ្ជាក់ថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានបណ្ដុះបណ្ដាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលរបស់ជាតិ បានចំនួន៤៦៣នាក់ សម្រាប់ពង្រីកការបណ្ដុះបណ្ដាលតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួយបណ្ដុះបណ្ដាលតាមបណ្ដាកន្លែង អាជីវកម្មទេសចរណ៍នានា។

លោកបានបន្ថែមថា បច្ចុប្បន្ន កម្ពុជាមានយុវជនប្រមាណជាង៥០០នាក់ បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍អាស៊ាន ហើយថ្មីៗនេះ ក្រសួងបានកំណត់ទិសដៅឆ្នាំ២០១៦-២០២០ ខាងមុខ ធ្វើយ៉ាងណាឱ្យយុវជនកម្ពុជា មានសមត្ថភាពខ្ពស់ ស្របតាមស្តង់ដាអាស៊ាន ដើម្បីអាចចូលរួមប្រកួតប្រជែង ទីផ្សារការងារក្នុងតំបន់។

បន្ថែមលើសពីនេះ លោក ថោង ខុន ក៏បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងទេសចរណ៍ កំពុងត្រូវការមណ្ឌលសិក្សា និងបង្រៀនវិជ្ជាជីវៈ ទេសចរណ៍ជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ដូចបានលើកឡើងខាង ដោយលោកបានឱ្យដឹងថា សព្វថ្ងៃការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ពុំមានទេ នៅតាមសាលារដ្ឋ ខុសពីជំនាញផ្សេងៗ ដូចជា ផ្នែកកសិកម្ម សុខាភិបាល បច្ចេកវិជ្ជា វប្បធម៌ជាដើម ដែលមានទាំង សាលារដ្ឋ និងឯកជន ប៉ុន្តែក៏មានសាលាឯកជនខ្លះដែរ ដែលមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍នេះ ដូចច្នេះលោកក៏បានសំណូមពរ ទៅរាជរដ្ឋាភិបាល ក៏ដូចជាស្នើសុំជំនួយពីបរទេស ធ្វើយ៉ាងណាដើម្បីឱ្យវិស័យទេសចរណ៍មានភាពរីកចម្រើន។

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ លោករដ្ឋមន្រ្តី បានស្នើឱ្យសហគមន៍អឺរ៉ុប ឱ្យជួយដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការអភិវឌ្ឍ ធ្វើយ៉ាងម៉េចឱ្យកម្ពុជាក្លាយជាគោលដៅនៃភាពស្រស់ស្អាត និងបៃតង ជាពិសេសបំបាត់នូវការចោលសម្រាម ថង់ប្លាសស្ទិចពាសវាល ពាសកាល៕