(ឧត្តរមានជ័យ)៖ រយៈពេលប្រមាណ២ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានពលករខ្មែរចំនួន១៤០,៩៣៦នាក់ បានឆ្លងដែនមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង និងតាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈអ្នកខ្លះនឹកស្រុក នឹកក្រុមគ្រួសារ ហើយឮថាស្រុកទេសបានធូរស្បើយពីជំងឺកូវីដផង ក៏មកលេងក្នុងពេលចូលឆ្នាំថ្មីច្រើនគ្នាណាស់។

មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះថា ពលករដែលឆ្លងដែនមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិទាំងអស់ក្នុងខេត្តឧត្តរមានជ័យ គឺភាគីថៃអនុញ្ញាតឱ្យចេញបាន តែមិនអនុញ្ញាតឱ្យចូលប្រទេសថៃវិញទេ ដែលកត្តានេះដោយសារភាគីថៃមិនទាន់បើកដំណើរការឱ្យពលរដ្ឋឆ្លងកាត់ ដោយសារវិបត្តិជំងឺកូវីដ១៩។

មន្ត្រីដដែលបានថ្លែងបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ពោលគឺប៉ុន្មានថ្ងៃមុនជាប់ៗគ្នានេះ គឺពលករឆ្លងដែនមកពីប្រទេសថៃមានចំនួនច្រើន ថ្ងៃខ្លះមានចំនួនរហូតជាង១ពាន់នាក់ក៏មាន ដែលការឆ្លងដែនរបស់ពលករមានចំនួនច្រើនបែបនេះ គឺក្នុងគោលបំណងមកជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយនៅព្រឹកថ្ងៃនេះដែរ ពលករជាង១០០នាក់ក៏បានឆ្លងដែនចូលមកក្នុងប្រទេសផងដែរ តែពលករទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវលើបញ្ហាសុខភាព ពិសេសជំងឺកូវីដ-១៩។

មន្ត្រីដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមពលករខ្មែរទាំងជាង១៤ម៉ឺននាក់នោះ ក៏មានពលករដែលមានទីកំណើតនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ចំនួន១៧,៧៧៣នាក់ផងដែរ ក្នុងរយៈពេលប្រមាណ២ឆ្នាំនេះ។

ក្នុងចំណោមពលករខ្មែរទាំងនោះ ក៏មានអ្នកមកពីធ្វើការនៅទីក្រុងបាងកកផងដែរ តួយ៉ាងស្ត្រីជាពលករខ្មែរម្នាក់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យឱ្យដឹងថា ខ្លួននិងស្វាមីបានទៅធ្វើការនៅទីក្រុងបាងកករយៈពេល៥ឆ្នាំហើយ។

ស្ត្រីដដែលបានបន្តថា ដោយសារការផ្ទុះរាលដាលជាសកលនូវជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលករភាគច្រើន ជាហេតុធ្វើឱ្យអ្នកខ្លះបង្ខំចិត្តវិលត្រឡប់មកស្រុកមុន ចំណែករូបគាត់និងស្វាមីធ្វើការចំកន្លែងលក់គ្រឿងរថយន្ត (ដែលមិនប៉ះពាល់) ក៏សម្ងំនៅធ្វើសិនទៅ។

ស្ត្រីពលករខ្មែរខាងលើនេះបានបង្ហាញអារម្មណ៍ថា ពួកគាត់នៅធ្វើការស្រុកគេ៥ឆ្នាំហើយ ពៅលគឺយូរមកហើយដែរ ហើយក៏តែងនឹកស្រណោះដល់ស្រុកកំណើត នឹកក្រុមគ្រួសាររៀងរាល់ថ្ងៃដែរ ម្យ៉ាងឮថាស្ថានការណ៍ជំងឺកូវីដក្នុងប្រទេសបានធូរស្រាយវិញផង ក៏សម្រេចលត្រឡប់មកពេលនេះតែម្ដង ដើម្បីមកចូលឆ្នាំថ្មីប្រពៃណីជាតិផង៕