(ក្រចេះ)៖ កម្លាំងនគរបាលស្រុកសំបូរប្រមាណ ៣រថយន្ត បានចុះចាប់ប្រជាការពារភូមិ៣នាក់ នៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី តាមពាក្យបណ្តឹងរបស់អ្នកឆក់ត្រីពីបទបង្ករបួសស្នាម។ ប្រតិបត្តិការកម្លាំងនគរបាលចុះឃាត់ខ្លួនប្រជាការពារភូមិ បានធ្វើឡើងនៅល្ងាចថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២នេះ។

ប្រតិបត្តិការនេះ បាននាំឱ្យប្រជាពលរដ្ឋក្នុងភូមិផ្ទុះការតវ៉ាជាខ្លាំងផងដែរ។ លោក ទុយ សុវណ្ណា មេឃុំសំបុក បានប្រាប់ Fresh News នៅវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រឈានចូលថ្ងៃពុធ ទី១៣ ខែមេសា ក្រុមប្រជាការពារភូមិខាងលើ ល្បាតនៅតាមដងទន្លេមេគង្គ ក៏ប្រទះឃើញក្រុមអ្នកឆក់ត្រី ហើយបានថតសកម្មភាព រហូតឈានដល់ការប្រតាយប្រតប់គ្នាធ្វើឱ្យអ្នកឆក់ត្រី ត្រូវនឹងកាំបិតរបស់ប្រជាការពាររយៈថ្ពាល់ដេរជាច្រើនថ្នេរ។

បើតាមលោកមេឃុំ អ្នកឆក់ត្រី បានប្តឹងប្រជាការពារភូមិពីបទបង្ករបួសស្នាមទៅកម្លាំងនគរបាលស្រុកសំបូរ ទើបល្ងាចថ្ងៃនេះកម្លាំងនគរបាលចុះមកឃាត់ខ្លួនប្រជាការពារចំនួន៣នាក់ ទៅអធិការដ្ឋានគរបាលស្រុកសំបូរ។

លោកមេឃុំ បានឱ្យដឹងថា ប្រជាការពារភូមិ ដែលត្រូវបានកម្លាំងនគរបាលស្រុកសំបូរចុះមកចាប់ខ្លួននេះ មានឈ្មោះ ខ្វែក រ៉ាវី អាយុ ២៨ឆ្នាំ, ឈ្មោះ គំុ ធឿន អាយុ ៣៥ឆ្នាំ និងឈ្មោះ គំុ ធី អាយុ ៣៧ឆ្នាំ។ ដោយឡែកក្រុមអ្នកឆក់ ដែលបានប្តឹងមានឈ្មោះ មួង ហឿន និង ឈ្មោះ កាន់ សុខនីន ជាអ្នករស់នៅក្នុងឃុំសណ្តាន់។

លោក ទុយ សុវណ្ណា បានអះអាងថា ប្រជាការពារភូមិដែលត្រូវគេប្តឹងនេះ ជាមនុស្សដែលបានធ្វើការងារសកម្មភាពក្នុងការទប់ស្កាត់សកម្មភាពឆក់ត្រីតំបន់អន្លង់ផ្សោតតំបន់អភិរក្ស។ លោកបានបញ្ជាក់ថា ប្រជាការពារភូមិទាំងនេះ មិនមានប្រាក់ឧបត្ថម្ភនោះទេ តែពួកគេបានធ្វើការចេញពីចិត្ត ហើយតែងតែដើរល្បាត ដើម្បីទប់ស្កាត់ការឆក់នេះ។

លោកមេឃុំ បានចាត់ទុកការប្រតាយប្រតប់នោះ គ្រាន់តែជាការការពារខ្លួនរបស់ប្រជាការពារភូមិតែប៉ុណ្ណោះ បើមិនការពារទេក្រុមអ្នកឆក់ត្រីអាចវ៉ៃប្រជាការពារធ្លាក់ទឹក។ លោកមេឃុំ បានអះអាងបែបនេះ «បើមិនតដៃអាអ្នកឆក់វ៉ៃងាប់ វ៉ៃធ្លាល់ទឹក។ អ៊ីចឹងបានគាត់តដៃ»

លោក ទុយ សុវណ្ណា បានបញ្ជាក់ថា បទល្មើសឆក់នៅអន្លង់ផ្សោតកើតឡើងជាអចិន្ត្រៃយ៍ ហើយប្រជាការពារនេះហើយ ដែលបានស្ម័គ្រចិត្តជួយទប់ស្កាត់បទល្មើសឆក់ និងចាប់បានក្រុមឆក់ជាញឹកញាប់។

លោកមេឃុំ បានបញ្ជាក់ថា «ឆក់ពេកប្រជាពលរដ្ឋគេរិះគន់។ ពួកនេះ [ប្រជាការពារភូមិ] ដើរបង្ក្រាបមួយថ្ងៃៗ។ ពួកហ្នឹងអត់មានប្រាក់ឧបត្ថម្ភទេ ជាទឹកចិត្តរបស់ពួកគាត់តែម្តង។ ចាប់បានច្រើនករណីណាស់ ហើយបញ្ជូនទៅលើរហូត»

លោកមេឃុំ បានសម្តែងការមិនពេញចិត្តនោះឡើយ ចំពោះការចាប់ប្រជាការពារភូមិទាំង៣នាក់ខាងលើ។ លោកបានចាត់ទុកការធ្វើបែបនេះ នឹងនាំឱ្យប្រជាការពារភូមិបាក់ទឹកចិត្ត ខណៈជនល្មើសបង្ករការឆក់ត្រីជារៀងរាល់ថ្ងៃ បែរជាត្រូវរួចខ្លួនពីសំណាញ់ច្បាប់ទៅវិញ៕