(ភ្នំពេញ)៖ ជនបរទេស២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងចំណោមអ្នកធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ តវ៉ានៅខាងមុខអធិការដ្ឋាន ខណ្ឌដង្កោនៅព្រឹកមិញនោះ រហូតដល់ល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញហើយ នេះបើយោងតាមលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ Fresh News ឲ្យដឹងមុននេះបន្តិច។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនោះបានឱ្យដឹងទៀតថា ជនបរទេស២រូបនោះ រួមមានឈ្មោះ Anna ភេទស្រី ជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការលីកាដូ និងប្រុសម្នាក់ទៀតឈ្មោះ Machias ភេទប្រុស ជាទីប្រឹក្សារបស់អង្គការនេះ។ លោកថា ពួកគេមានឯកសារឆ្លងដែនគ្រប់គ្រាន់ ប៉ុន្តែពួកគេមិនទាន់មានការបំពេញបែបបទធ្វើការងារនៅកម្ពុជាទេ។ ទោះជាយ៉ាងណាមន្រ្តីអន្តោប្រវេសន៍ រូបនេះបានបញ្ជាក់ថា សមត្ថកិច្ចនឹងដោះលែងពួកគេឱ្យមានសេរីភាពវិញ បន្ទាប់ពីណែនាំមួយចំនួន។

លោក អុំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការលីកាដូ បានបញ្ជាក់ថា ជនបរទេសទាំងពីរនាក់ គឺជាមន្រ្តីទីប្រឹក្សាផ្នែកច្បាប់របស់អង្គការលីកាដូ ហើយបានចុះកិច្ចកុងត្រាបម្រើ ការងារនៅលីកាដូរយៈពេលមួយឆ្នាំ។ បុរសជាជនជាតិ អាល្លឺម៉ង់ និងស្រី ជាជនជាតិ ស៊ុយអែត។

សូមបញ្ជាក់ថា ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមអ្នកធ្វើយុទ្ធនាការស្លៀកខ្មៅ នៅខាងមុខអធិការដ្ឋានខណ្ឌដង្កោ នៅម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ។ ក្រៅពីនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកធ្វើយុទ្ធនាការនេះ ចំនួន៦នាក់ផ្សេងទៀត ក្នុងនោះមានមន្រ្តីសង្គមស៊ីវិល៣នាក់ និងសកម្មជនដីធ្លី ចំនួន៣នាក់ផងដែរ៕