(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិព័ត៌មានសង្គមកូរ៉េ (NIA) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីជួយសាងសង់មជ្ឈមណ្ឌលប្រើប្រាស់ Internet នៅវិទ្យាស្ថានជាតិ NIPTICT។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្ដីការក្រសួង។
លោក សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបញ្ជាក់ថា កាចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ គឺភាគីខាងកូរ៉េ នឹងផ្តល់ជំនួយជាសម្ភារៈ បរិក្ខាសម្រាប់បំពាក់នៅក្នុង មជ្ឈមណ្ឌលប្រើប្រាស់ Internet របស់វិទ្យាស្ថាន NIPTICT ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ។
លោកបន្ថែមថា មជ្ឈមណ្ឌលប្រើប្រាស់ Internet នឹងជួយដល់សិស្សនិស្សិតមានកន្លែងប្រើប្រាស់ Internet ល្បឿនលឿន និងងាយស្រួល ដោយឥតគិតថ្លៃ ហើយមជ្ឈមណ្ឌលប្រើប្រាស់ Internet នេះរំពឹងថានឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅ ដើមខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលប្រើប្រាស់ Internet មានទីតាំងស្ថិតនៅវិទ្យាស្ថាន NIPTICT ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕