(ភ្នំពេញ)៖ លោក សៀ ភារម្យ ក្រុមការងារពិសេសសិទ្ធិលំនៅឋានបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៩ ខែឧសភានេះថា លោកគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រៀបចំដាក់បញ្ជូនឈ្មោះបុគ្គលណាក៏ដោយ តែងតែរំលោភយកដីប្រជាពលរដ្ឋ ទោះមានឋានៈអ្វីក៏ដោយ ក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី។
ការលើកឡើងរបស់លោក សៀ ភារម្យ នាពេលនេះ បានធ្វើឡើងក្រោយពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្រ្តីរបស់ខ្លួនទូទាំងប្រទេសថា លោកឧកញ៉ា ឡោក ហួរ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅរបស់ក្រសួង ព្រោះមានទំនាស់ដី ជាមួយប្រជាពលរដ្ឋច្រើន។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បាន Fresh News នៅរសៀលថ្ងៃទី០៩ ខែឧសភានេះ ថា «នាពេលថ្មីៗ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាសនៅក្នុងកិច្ច ប្រជុំអំពីលោកឧកញ៉ា ឡោក ហួរ មានទំនាស់ដីធ្លីច្រើនណាស់, តាមព័ត៌មានដំបូងនាពេលនេះមានចំនួន៥កន្លែងហើយ ទាំងនៅភ្នំពេញ និងតាមខេត្តនានា។ អ៊ីចឹងឯកឧត្តមរដ្ឋមន្រ្តីដាក់បញ្ជីខ្មៅ»។
លោក សៀ ភារម្យ ក្រុមការងារពិសេសសិទ្ធិលំនៅឋានបានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំសប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ យ៉ាងណាខ្ញុំសង្ឃឹមថា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុវត្តតាមអ្វីដែលគាត់បានបេជ្ញាកន្លងមកទៅលើកំណែទម្រង់នេះ។ បើអនុវត្តបានល្អ ខ្ញុំជឿជាក់ថា បញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងកាត់បន្ថយ រឺក៏អាចឈានដល់ការលុបបំបាត់បានទាំងស្រុង»។
លោក សៀ ភារម្យបានបន្តថា បើរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដាក់ទណ្ឌកម្ម ទៅលើបុគ្គលរំលោភយកដីប្រជាពលរដ្ឋ គឺជាការល្អហើយ តែទន្ទឹមនឹង នោះ ក្រសួងត្រូវតែរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមស្រប ជៀសវាងបញ្ហាដីធ្លីរីកសុះសាយជាងមុន។
នាពេលកន្លងមកថ្មីៗ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា លោកនឹងរៀបចំដាក់បញ្ជូន ឈ្មោះបុគ្គលណាក៏ដោយ តែងតែរំលោភយក ដីប្រជាពលរដ្ឋ ទោះមានឋានៈអ្វីក៏ដោយក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ហើយលោកក៏នឹង រាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីផងដែរ។ លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំនឹងការបញ្ចូលក្នុងបញ្ជីស្បែកខ្មៅសម្រាប់ការ ស្នើចុះ ឬផ្ទេរកម្មសិទ្ធិ និងរាយការណ៍ ជូនសម្តេចរាល់បុគ្គលណា ដែល តែង តែមានករណីរំលោភ យកដីប្រជាពលរដ្ឋ ទោះឋានៈធំប៉ុណ្ណាក៏ដោយ»។
រដ្ឋមន្ត្រីបានបញ្ជាឲ្យមន្ត្រីរបស់ក្រសួងរៀបចំដែនដីទាំងអស់ មិនត្រូវចុះហត្ថលេខា លិខិតស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ជូនបុគ្គលដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅរបស់ ក្រសួងជាដាក់ខាត៕