Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សងសឹកគំនុំជូនម្តាយ! យុវជនម្នាក់កាន់កាំបិតបុ័ងតោ កាប់យុវជនម្នាក់ទៀតដាច់ប្រអប់ដៃម្ខាង មើលទៅគួរឲ្យតក់ស្លុត

09-05-2016 17:08

(កណ្តាល)៖ យុវជនម្នាក់ត្រូវបានសម្ថកិច្ច ក្រុងតាខ្មៅឃាត់ខ្លួន រួមជាមួយវត្ថុតាង បន្ទាប់ពីប្រើកាំបិតបុ័ងតោ កាប់គូទំនាស់ដាច់ប្រអប់ដៃម្ខាង មើលទៅគួរឲ្យរន្ធត់ជាទីបំផុត។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហារ ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ថា​ ជនសង្ស័យដែលឃាត់ខ្លួន ខាងលើឈ្មោះ ដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ហើយជនសង្ស័យបានសារភាពថា មូលហេតុដែលនាំឲ្យ រូបគេកាប់ទៅលើជនរងគ្រោះ ព្រោះតែខឹងជនរងគ្រោះ បានវាយម្តាយរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន។

សមត្ថិច្ចបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយលក់តែគុជ ស្រាប់តែជនល្មើសបានដើរម្នាក់ឯង កាន់កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះចំនួនពីរកាំបិត បណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេង ហើយបានរត់គេចខ្លួនបាត់តែម្តង។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចជួយសង្គោះជនរងគ្រោះ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះកំលាំងជំនាញក្រុងសហការ ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រែកឬស្សី និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើស បាននៅវេលាម៉ោង០៩៖៤០នាទី ហើយបាននាំទៅយកវត្ថុតាង  (កាំបិត) ដែលលាក់ទុកក្នុងគុម្ពចេក នៅបរិវេណមន្ទីរពេទ្យជយ័ជំនះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះខឹងនឹងជនរងគ្រោះ បានវាយម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីសាកសួរ រួចមកបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ក្រុងតាខ្មៅ បញ្ជួន​ទៅកាន់អធិការដ្ឋានដើម្បី ចាត់ការតាមនិតិវិធីនៃច្បាប់៕