(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសចាត់វិធានការចំពោះ មន្រ្តីនគរបាលរូបណា ដែលហ៊ានក្លែងឯកសារខុសច្បាប់ ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់ និងអត្តសញ្ញាណប័ណ្ណ ត្រូវទទួលទោសតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។
នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩សណន របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការគ្រប់គ្រង និងបែងចែកប្រាក់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា «នៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនេះ មានអនុប្រធានប៉ុស្តិ៍មួយរូប នៅខណ្ឌមានជ័យ បានទៅធ្វើត្រាមូល និងត្រាឈ្មោះអធិការក្លែងក្លាយ ទៅធ្វើសៀវភៅគ្រួសារ យកលុយ៨០ដុល្លារ ។ ការហ៊ានធ្វើក្លែងក្លាយបែបនេះគឺជា បទល្មើសពេញទី ដូច្នេះត្រូវបញ្ជូនទៅតុលាការ គ្មានការយោគយល់អ្វីនោះទេ»។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថាវាជាបញ្ហាធ្ងន់ធ្ងរ បើនគរបាលចូលរួមជាមួយក្រុមចោរ ចូលរួមលក់គ្រឿងញៀន ដូច្នេះមិនមានការអប់រំអ្វីទេ គឺមានតែបញ្ជូនទៅតុលាការដាក់គុកតែម្តង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី ខេត្តទាំង២៥ រួមទាំងកម្លាំងថ្នាក់ជាតិទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការរក្សាសន្តិសុខជាតិ បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរ បទល្មើសគ្រឿញៀន និងរក្សាសណ្តាប់ធ្នាប់ទូទៅ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា គ្រប់ការងារបទល្មើស និងការងារចរាចរណ៍ផ្លូវគោក ស្នងការរាជធានី-ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ៕