(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អនុប្រធានក្រុមការងារ ចុះជួយស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បាននាំយកអំណោយ និងថវិការបស់លោកបណ្ឌិត ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រគល់ជូនដល់ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំង៧ ក្រុង ស្រុក ទូទាំងខេត្តត្បូងឃ្មុំ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីចែកជូនដល់សមាជិក សមាជិកគណបក្សតាមបណ្តាមូលដ្ឋាន ដែលមានជីវភាពក្រីក្រជីវភាព ជួបការលំបាក។
អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន៖ អង្ករចំនួន ៥តោន, មី ចំនួន ២៥០កេស ត្រីខចំនួន ២៥០យួរ ឧបករណ៍តេស្ត កូវីដ១៩ ចំនួន១៥០ប្រអប់ ថវិកា ១០លានរៀល។
ឆ្លៀតក្នុងឱកាសនោះ លោក ហាក់ សុខមករា ក៏បានពាំនាំការផ្ដាំផ្ញេីសាកសួរសុខទុក្ខដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកគណបក្សតាមបណ្តាមូលដ្ឋានទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីសប្បាយគ្រប់ៗគ្នា។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ លោក ហាក់ សុខមករា និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បុត្រី បុត្រា ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ជន្មាយុ យឺនយូរ ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕