(ស្វីស)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini អាចនឹងលាលែងពីតំណែង នាពេលឆាប់ៗខាងមុខ បន្ទាប់ពីចាញ់ក្តីនៅជាប់បម្រាម ៤ឆ្នាំទៀតមិនឲ្យធ្វើកិច្ចការអ្វីទាំងអស់ទាក់ទងនឹងកីឡា នេះបើ យោងតាមមេធាវីរបស់លោកថ្លែងប្រាប់ BBC មុននេះបន្តិច ។
មេធាវី ដដែលបានបន្តថា បុរសវ័យ៦០ឆ្នាំ ជនជាតិបារាំងខាងលើ បានឡើងតុលាការ CAS នាព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីបកស្រាយពីការចោទប្រកាន់របស់ FIFA ជុំវិញលុយជាង២លានដុល្លារសហរដ្ឋអាមេរិក ដែលបានឃុបឃិតចែកគ្នាជាមួយនឹងអតីតប្រធាន FIFA លោក Sepp Blatter កាលពីឆ្នាំ២០១១ កន្លងទៅ ។
ក្រោយពីការសួរនាំរួចរាល់ តុលាការ CAS បានសម្រេចកាត់ក្តីព្យួរមុខតំណែងលោក Platini ពី៦ឆ្នាំ មកនៅត្រឹម៤ឆ្នាំវិញ ដែលជាហេតុធ្វើឲ្យគាត់ខឹងសម្បារជាខ្លាំង និងអាចលាលែងចេញពីមុខតំណែងប្រធាន UEFA នាពេលឆាប់ៗខាង មុខទៀត ៕