(ភ្នំពេញ)៖ សម្រាប់ជនបរទេសស្បែកស ដែលស្លៀកពាក់ខ្មៅចំនួន២នាក់ ត្រូវបានឃាត់ខ្លួន នៅមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នាអំឡុងការចូលរួមតវ៉ាចង់ឲ្យមានការដោះលែង ក្រុមសកម្មជនដីធ្លីបឹងកក់ និងមន្រ្តីសង្គមសីុវិលទាំង៦នាក់នោះ ត្រូវបានមន្រ្តីនគរបាលជាន់ខ្ពស់អន្តោប្រវេសន៍បញ្ជាក់ថា ពួកគេគ្មានលិខិតស្នាម ការងារ និងលិខិតស្នាមនៅជាប់នឹងខ្លូន សម្រាប់ការស្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។
លោកឧត្តមសេនីយ៌ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះថា «នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យនិងអញ្ជើញជនបរទេសចំនួន០២នាក់ ស្រី០១នាក់ ដែលពួកគាត់បានចូលរួមធ្វើបាតុកម្មយ៉ាងសកម្ម ដូច្នេះក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការអញ្ជើញពួកគាត់មកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍»។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «ពេលនោះជនបរទេសទាំង ០២នាក់នោះ មិនបានបង្ហាញនូវកាតសំគាល់ខ្លួនបំរើការងារនៅអង្គការលីកាដូទេ ហើយជនបរទេសនេះមិនមានលិខិតស្នាម ឬលិខិតឆ្លងដែនយកមកជាប់ខ្លួនដែរប្រាប់ថា នៅឯសណ្ឋាគារ»។
បើតាមលោកឧត្តមសេនីយ៍ ជនបរទេសទាំង០២នេះ ក៏មិនមានឃើញមានសេចក្តីសំរេច របស់អង្គការលីការដូណាមួយដែលបានបញ្ជាក់ថា អង្គការលីការដូនាំចូលធ្វើការបានដែរ ចំពោះបញ្ហានេះអគ្គនាយកដ្ឋានប្រវេសន៍ និងចាត់វិធានការបន្តដោយ ទី១៖ សូមឲ្យជនបរទេសទាំង០២នាក់ បង្ហាញលិខិតស្នាមស្របច្បាប់រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា និងទី២៖ ជូនដំណឹងទៅអង្គការលីការដូដើម្បីបង្ហាញអំពីសេចក្តីសំរេចណាមួយដែលអនុញ្ញាតឲ្យ អង្គការនេះយកជនបរទេសទាំង០២រូប មកបំរើឲ្យអង្គការរបស់ខ្លួន។
សូមជំរាបថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែឧសភានេះ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនបរទេស២នាក់ខាងលើ មិនទាន់ត្រូវបានគេដឹងអត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកគេបានចូលទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានមេធាវីម្នាក់អមទៅជាមួយដែរ។ អ្នកពាក់ព័ន្ធនឹងយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ បន្ទាប់ពីពួកគេបានស្លៀកពាក់ខ្មៅ ដូចការប្រកាស ហើយទាមទារឱ្យដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដែលត្រូវបាន ACU ឃាត់ខ្លួនក្រោមការចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
កាលពីម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។
សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សានិងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម។
ការដាក់ចេញវិធានការរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល មួយចំនួន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅកម្ពុជា ចូលរួមធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ នៅរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឱ្យសមត្ថកិច្ច ដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកថា សកម្មភាពនេះ មានចរឹតដូចទៅនឹងការរៀបចំធ្វើបដិវត្តពណ៌៕