(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលទើបចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទ បានលើកឡើងថា អង្គការសង្គមស៊ីវិលមួយចំនួន កំពុងប្រើប្រាស់សិទ្ធរបស់ខ្លួន ហួសដែនកំណត់។
ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន បានបើកយុទ្ធនាការស្លៀកពាក់ខ្មៅ នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤រូប និង អគ្គលេខាធិការរងគ.ជ.បម្នាក់។
ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការចូលកាន់តំណែងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សជំនួសលោក ម៉ក់ សម្បត្តិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ លោក កែវ រ៉េមី បានលើកឡើងថា អង្គការសង្គមស៊ីវិលមួយចំនួន បានប្រើប្រាស់សិទ្ធិជ្រុលរហូតបង្កចលាចលសង្គម។
លោកថា «សង្គមស៊ីវិលមួយចំនួនតូច ដែលគាត់បានប្រើប្រាស់សិទ្ធិហួសដែនកំណត់ ដោយមិនបានគោរពតាមច្បាប់ បទដ្ឋាន នៅក្នុងប្រទេស បង្កអនាធិបតេយ្យ អាហ្នឹងជារឿងមួយដែលយើងព្រួយបារម្ភ ធ្វើឱ្យសង្គ្រាមស៊ីវិល កើតឡើង ចលាចលកើតឡើង ដល់ពេលនោះគឺសិទ្ធិមនុស្សបាត់តែម្តង»។
លោក កែវ រ៉េមី បានបន្ថែមថា កន្លងមកអង្គការសង្គមស៊ីវិលទាំងនោះ ដែលជំរុញដោយប្រទេសមហាអំណាច បានប្រើជ្រកក្រោមស្លាកសិទ្ធិមនុស្ស ហើយបង្កចលាចលដូចជា នៅក្នុងប្រទេសស៊ីរី ទុយនេស៊ី អ៊ីរ៉ាក់ អេហ្ស៊ីប ដែលធ្វើឱ្យពលរដ្ឋប្រទេសនេះវេទនាបាត់បង់សិទ្ធិគ្រប់ប្រភេទ។ លោកថា «ស្ថានភាពដំបូងការរស់នៅរបស់គេសុខសប្បាយណាស់ អត់មានបញ្ហាអ្វីនោះទេ ប៉ុន្តែដោយសារតែជ្រកក្រោមស្លាកសិទ្ធិមនុស្សនេះ រដ្ឋាភិបាលបានបង្កើតជាសង្រ្គាមស៊ីវិលកើតឡើង»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំនួស លោក ម៉ក់ សម្បត្តិ។ លោក កែវ រ៉េមី នឹងមានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន៕