(បន្ទាយមានជ័យ)៖ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសម្ថកិច្ចអាវុធហត្ថខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ឈ្មោះ ជុំ ពិសី ភេទស្រី អាយុ២៩ឆ្នាំ មានលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងអាវុធហត្ថខេត្ត ចុះភ្លាមៗធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឆាលីស្លាកលេខ1F-4995។
លោកបន្តថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ មាស ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ ទី២ឈ្មោះ មាស នី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុងស្តង់លក់ទឹកកក ក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ និងទី៣ឈ្មោះ ងួន ម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕