(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr Li Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើសារជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សុវត្ថិភាព សុខភាពល្អ និងសិរីសួស្ដី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក៏មិនភ្លេចអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ សូមប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩។
ខាងក្រោមនេះជាបានផ្ញើសារជូនពរ និងការអំពាវនាវរបស់តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជា៖
ខ្ញុំសូមគោរពជូនពរ ប្រជាជនកម្ពុជាទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សុវត្ថិភាព សុខភាពល្អ និងសិរីសួស្ដី នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ!
ពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺឱកាសដ៏វិសេសវិសាល បន្ទាប់ពីមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះ។ ក្នុងនាមអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា យើងខ្ញុំពិតជាមានក្ដីរំភើបរីករាយ សូមចូលរួមប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីនេះ ជាមួយប្រជាជនកម្ពុជាទាំងអស់ ហើយយើងយល់យ៉ាងច្បាស់ អំពីសារៈសំខាន់ក្នុងការជួបជុំគ្នាជាថ្មីម្ដងទៀត ជាមួយមនុស្សជា
ទីស្រលាញ់នាឱកាសដ៏មានសារៈសំខាន់មួយនេះ។
យើងគួរជួបជុំគ្នា និងរីករាយចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩។ នៅពេលចូលរួមរីករាយជាមួយគ្រួសារ និងមិត្តភក្តិ យើងត្រូវចងចាំទាំងអស់គ្នាថា អ្នកដែលងាយរងគ្រោះបំផុតនោះ គឺមនុស្សដែលមានវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ បុគ្គលិកសុខាភិបាល និងស្ត្រីមានផ្ទៃពោះ។
យើងទាំងអស់គ្នាសុទ្ធសឹងតែមានក្រុមមនុស្សងាយរងគ្រោះទាំងនេះ នៅក្នុងគ្រួសារ និងសហគមន៍របស់យើង ហើយយើង គឺជាអ្នកសម្រេចចិត្តក្នុងការការពារពួកគេ។ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាបង្ហាញនូវការគោរព ចំពោះមនុស្សដែលមានវ័យចំណាស់ ហើយការពារសមាជិកគ្រួសារ ដែលជាមនុស្សដែលមានវ័យចំណាស់ ឱ្យរួចផុតពីជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃភារកិច្ច និងវប្បធម៌ដ៏គួរឱ្យគោរពរបស់យើង។
បន្ទាប់ពីមានជំងឺរាតត្បាតជាសកលអស់ រយៈពេលជាងពីរឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ អំពីវិធានការរក្សាសុវត្ថិភាព ដល់គ្នាទៅវិញទៅមក។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា នៅក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដែលជាវិធានការការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា គឺពិតជាមានប្រសិទ្ធភាព ហើយនេះគឺជា
មូលហេតុដ៏ចម្បង ដែលយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំនេះបាន។ ជាការពិតណាស់ ការរាតត្បាតជាសកលនៃជំងឺនេះ គឺមិនទាន់ចប់នៅឡើយនោះទេ ហើយវីរុសនេះនៅតែបន្តឆ្លងនៅជុំវិញពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ យើងត្រូវបន្តរក្សានូវការប្រុងប្រយ័ត្ន និងការពារការកើនឡើង នៃជំងឺនេះម្ដងទៀតនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដូច្នេះយើងត្រូវបន្តរួមចំណែកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាព និងបើកដំណើរការប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ។
ជាបឋម យើងត្រូវប្រាកដថា ប្រជាជនដែលគ្រប់លក្ខខណ្ឌទាំងអស់ បានទទួលវ៉ាក់សាំងពេញលេញ ស្របទៅតាមកាលវិភាគកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងដូសជំរុញផងដែរ។ សមិទ្ធផលនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នេះ គឺពិតជាគួរឱ្យកត់សម្គាល់ និងគួរឱ្យកោតសរសើរបំផុត។ ឥឡូវនេះ ការចាក់ដូសជំរុញ គឺពិតជាពេលវលាដ៏ត្រឹមត្រូវ និងកាន់តែមានសារៈសំខាន់សម្រាប់សមាជិកគ្រួសារ ដែលមានវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។ ការដែល សមាជិកដែលគ្រប់លក្ខខណ្ឌទាំងអស់ បានចាក់វ៉ាក់សាំងបានពេញលេញនឹងជួយបន្ធូរបន្ថយហានិភ័យ នៅពេលជួបជុំគ្នា។ ការទទួលបានដូសជំរុញ គឺមានការចាំបាច់ជាខ្លាំង ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ដែលចាំបាច់ដើម្បីការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការចូលសម្រាកពេទ្យ។
ទីពីរ សូមប្រជាជនទាំងអស់គ្នាគិតគូរ អំពីទីតាំងល្អបំផុត និងសុវត្ថិភាពបំផុតក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ទីតាំងខាងក្រៅដែលមានខ្យល់អាកាសបរិសុទ្ធ ឬកន្លែងដែលមានលំហូរខ្យល់ចេញចូលល្អ គឺជាជម្រើសទីតាំងដ៏ល្អ និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងមិត្តភក្តិទាំងអស់គ្នា។ ការបើកបង្អួចក៏អាចជួយឱ្យមានខ្យល់ ចេញចូលបានល្អផងដែរ។ ប្រសិនបើអ្នកមានកង្ហារ សូមដាក់
វានៅជិតបង្អួច ដើម្បីជួយឱ្យខ្យល់បរិសុទ្ធ ពីខាងក្រៅចូលក្នុងបន្ទប់។ សូមគិតផងដែរអំពីកន្លែង ដែលអ្នកងាយរងគ្រោះត្រូវអង្គុយ៖ តើយើងអាចរៀបចំឱ្យគាត់អង្គុយ នៅជិតបង្អួចដែរឬទេ? តើយើងអាចអង្គុយដោយរក្សាគម្លាតពីគ្នា នៅជំវិញតុដែរឬទេ? សូមឱ្យអ្នកដែលមិនស្រួលខ្លួន នៅក្នុងផ្ទះកុំចេញទៅណាឱ្យសោះ។
ទីបី សូមធ្វើការពិចារណា និងជ្រើសរើសជម្រើសដ៏ត្រឹមត្រូវនៅក្នុងការការពារខ្លួនយើង និងគ្រួសារ ព្រមទាំងសហគមន៍។ ជំងឺរាតត្បាតជាសកលគឺមិនទាន់ចប់នៅឡើយទេ។ ការអនុវត្តវិធានការសុខាភិបាល និងសង្គម គឺនៅមានសារៈសំខាន់ ជាពិសេសនៅក្នុងតំបន់ដែលមានការចម្លងដោយវីរុសអូមីក្រុង។ ជាការពិតណាស់ យើងមិនអាចពាក់ម៉ាសនៅពេលទទួលទានអាហារ និងភេសជ្ជៈបានទេ។ ហើយការជប់លៀងជាមួយនឹងគ្រួសារ គឺពិតជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំរួមគ្នា។ ដូច្នេះ សូមព្យាយាមទទួលទានអាហារនៅបរិវេណខាងក្រៅ ឬនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ ហើយត្រូវប្រាកដថា យើងបានរក្សាគម្លាតសុវត្ថិភាពបានល្អតាមដែលអាចធ្វើទៅបាន។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការអបអរសាទរដ៏សំខាន់មួយ ហើយខ្ញុំពិតជាមានក្ដីរំភើប ក្នុងការស្ថិតនៅក្នុងប្រទេសដ៏ល្អអស្ចារ្យមួយនេះ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ដ៏ពិសេសនេះ ។ សូមបង្ហាញនូវក្ដីស្រលាញ់ និងការគោរពចំពោះគ្រួសាររបស់យើង តាមរយៈការធានាថា យើងកំពុងការពារពួកគាត់ពីជំងឺកូវីដ-១៩ ខណៈដែលរីករាយនាថ្ងៃឈប់សម្រាកដែលសមនឹងទទួលបាននេះ។
វីរុសនេះនៅតែបន្តរីករាលដាល នៅក្នុងសហគមន៍ហើយនឹងអាចមានឱកាសឆ្លងបន្ថែមទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់។ សូមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅក្នុងលក្ខណៈមួយដែលមានសុវត្ថិភាព ខណៈដែលយើងអាចរីករាយជាមួយនឹងមនុស្ស ដែលយើងស្រលាញ់ជាទីបំផុត។
ខ្ញុំសូមជូនពរប្រជាជនកម្ពុជាទាំងអស់ ឱ្យទទួលបាននូវសុខសុវត្ថិភាព សុខភាពល្អ និងរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សួស្ដីឆ្នាំថ្មី!
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr Li Ailan)
តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា