(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រជាការពារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានខិតខំបំពេញភារកិច្ចចូលរួមរក្សាសន្តិសុខ សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះ បានធ្វើឡើងនៅសាលាខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សរុបចំនួន ៩៥នាក់។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល បានកោតសសើរដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ។

លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់ឱ្យកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍ការងារទៅតាមបទបញ្ជាឱ្យបានល្អ ដើម្បីថែររក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ។

លោកអភិបាល បានឧត្ថម្ភថវិកាដល់កម្លាំងប្រជាការពារខណ្ឌចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥០,០០០រៀល, ៦០,០០០រៀលស និង ១០០,០០០រៀល ដោយកំណត់តាមផ្នែកនីមួយ។

ដោយឡែក លោកអភិបាល បានឧត្ថម្ភដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌសរុបចំនួន១២៨នាក់ សរុបថវិកាចំនួន ១២,៩០០,០០០រៀល, អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៥,០០០,០០០រៀល និងភេសជ្ជៈ៥០កេស និងឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ៤,០០០,០០០រៀល និងភេសជ្ជៈ៥០កេស៕