(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗមកនេះ ចំនួន១៩គ្រួសារ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងនោះរួមមាននៅឃុំគោកកឋិន ស្រុកថ្មពួក ៨គ្រួសារ នៅភូមិជន្លាសដៃ ចំនួន ៧គ្រួសារ ភូមិតាសៀវ ១គ្រួសារ និងនៅឃុំផ្គាំ, ស្រុកស្វាយចេក ភូមិតាដួល ចំនួន៩គ្រួសារ និងភូមិប្រាសាទវៀនចំនួន ២គ្រួសារ។

អំណោយទទួលបានក្នុងមួយគ្រួសារទទួលរួមមានអង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេសតូច, ទឹកត្រី៣ដប, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២ តង់ប្លាស្ទីកមួយសម្រាប់គ្រួសាររងគ្រោះធ្ងន់។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានផ្តល់ថវិកាចំនួន ៣០០ដុល្លារ ជូនគ្រួសាររងគ្រោះធ្ងន់ធ្ងរនៅភូមិតាសៀវ សម្រាប់ទិញឈើ និង ១គ្រួសារទៀត នៅភូមិតាដួល ចំនួន១០០ដុល្លារ និងបានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លា សម្រាប់ភូមិតាដួល កសាងសាលាបុណ្យផងដែរ៕