(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ដីធ្លីនៅកម្ពុជា របស់ឧកញ៉ា ឡោក ហួរ នៅពេលនេះត្រូវបានលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្រ្តីរបស់ខ្លួនទូទាំងប្រទេសថា លោកឧកញ៉ា ឡោក ហួរ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ របស់ក្រសួង ព្រោះមានទំនាស់ដីជាមួយប្រជាពលរដ្ឋច្រើនណាស់ នេះបើយោងតាមលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បាន Fresh News នៅរសៀលថ្ងៃទី០៩ ខែឧសភានេះ ថា «នាពេលថ្មីៗ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាសនៅក្នុងកិច្ច ប្រជុំអំពីលោកឧកញ៉ា ឡោក ហួរ មានទំនាស់ដីធ្លីច្រើនណាស់, តាមព័ត៌មានដំបូងនាពេលនេះមានចំនួន៥កន្លែងហើយ ទាំងនៅភ្នំពេញ និងតាមខេត្តនានា។ អ៊ីចឹងឯកឧត្តមរដ្ឋមន្រ្តីដាក់បញ្ជីខ្មៅ»។
នាពេលកន្លងមកថ្មីៗ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា លោកនឹងរៀបចំដាក់បញ្ជូន ឈ្មោះបុគ្គលណាក៏ដោយ តែងតែ រំលោភយកដីប្រជាពលរដ្ឋ ទោះមានឋានៈអ្វីក៏ដោយក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ហើយលោកក៏នឹង រាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
ការថ្លែងព្រមានរបស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា យ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃ ក្នុងរបស់មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់ របស់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។ លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំនឹងការបញ្ចូលក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះ ឬផ្ទេរកម្មសិទ្ធិ និងរាយការណ៍ ជូនសម្តេចរាល់បុគ្គលណា ដែលតែងតែមានករណីរំលោភ យកដីប្រជាពលរដ្ឋ ទោះឋានៈធំប៉ុណ្ណាក៏ដោយ»។
ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រីបញ្ជាឲ្យមន្ត្រីរបស់ក្រសួងរៀបចំដែនដីទាំងអស់ មិនត្រូវចុះហត្ថលេខា លិខិតស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ជូនបុគ្គលដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅរបស់ក្រសួងជាដាក់ខាត។
សូមជំរាបថា បន្ទាប់ពីឧកញ៉ា ឡោក ហ៊ួរ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង យកទៅធ្វើសកម្មភាពជីកលើកទំនប់ រំលោភយកដីព្រៃលិចទឹក ដីបឹងអតីតឡូតនេសាទ និងដីប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់ រាប់សិបហិកតា នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ហើយអ្នកស្រុកប្ដឹងទៅអភិបាលខេត្តកណ្តាលរួចមក, លោក ម៉ៅ ភិរុណ បានចេញលិខិតមួយច្បាប់ផ្ញើជូន អភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្អាង ដឹកនាំមន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងយោធាស្រុកកៀនស្វាយ មានចំនួនជិត៣០នាក់ ចុះទៅកាន់ទីតាំងប្រព្រឹត្តបទល្មើស នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ដែលជាតំបន់ដីបឹងព្រៃលិចទឹក ក៏ឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព ហើយចាប់យកមកទុកនៅសាលាស្រុក។
នៅលិខិតរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវធ្វើការទប់ស្កាត់ និងបញ្ឈប់សកម្មភាពជីកលើក ឈូសឆាយ ដីអនាធិបតេយ្យក្នុងតំបន់ដែលលោកឧកញ៉ា ឡោក ហ៊ួរ ឬអ្នកដទៃផ្សេងទៀត គ្រប់គ្រងមិនស្របច្បាប់ និងមិនអនុញ្ញាតឲ្យមានការលក់ ទិញ ឬផ្ទេរសិទ្ធិគ្រប់គ្រង ព្រមទាំងចេញលិខិតស្នាមលើដីវិវាទ។
ទន្ទឹមនឹងនោះសាលាខេត្តកណ្តាល នឹងបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចុះអង្កេតស្រាវជ្រាវ ដោះស្រាយលើដីទំនាស់ជាក់ស្តែង តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធចំណាត់ការរបស់អាជ្ញាធរខេត្តរឿងជំលោះដីធ្លី ជាមួយឧកញ៉ា ឡោក ហួរ ខាងលើនេះ, អ្នកស្រុកកៀនស្វាយ និងអ្នកស្រុកស្អាងកំពុងទល់ភ្នែក ចាំមើលចំណាត់ការរបស់អភិបាលខេត្តកណ្ដាល លើករណីឧកញ៉ា ឡោក ហួរ បំពានយកដីបឹង និងដីប្រជាពលរដ្ឋ.!៕