(កណ្ដាល)៖ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ចុះអប់រំណែនាំដល់ក្រុមអាជីវករលក់ដូរនៅតាមដងផ្លូវ និងពលរដ្ឋមកលេងកំសាន្តក្នុងក្រុងតាខ្មៅទាំងអស់ ឱ្យយល់ដឹង និងចូលរួមថែទាំបរិស្ថាន សម្អាតសម្រាម ដើម្បីសោភ័ណភាពល្អក្នុងក្រុងអំឡុងពេលពិធីបុណ្យចូលឆ្នាំ និងពិធីសង្ក្រានខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តិទៅឆាប់ៗនេះ។

សកម្មភាពនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ដោយបានចុះអប់រំ និងចាក់សារសម្លេងអប់រំនៅតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។

លោក ពៅ សោម៉ាណាក់ បានឱ្យដឹងថា លោកបានដឹកនាំក្រុមការងារបានចុះធ្វើអនាម័យនៅតាមមាត់ទន្លេដែលពោរពេញទៅដោយសម្រាម និងរើសសម្រាមប៉ុន្មានថ្ងៃមកហើយ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិស្ថានល្អ មិនមានសំរាម នៅអំឡុងពេលរៀបចំពិធីសង្ក្រាន្តខេត្តកណ្ដាល ដែលនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ។

លោកបានបន្តថា ដើម្បីចង់ធានាបាននូវភាពល្អប្រសើរនៃបរិស្ថានល្អ លោកក៏បានដឹកនាំក្រុមការងារចុះអប់រំ និងសម្អាតសំរាមម្ដងទៀតនាពេលល្ងាច និងពេលយប់ ព្រោះពេលនេះ មនុស្សមកលេងកម្សាន្តច្រើនគ្នា ហើយជាឱកាសដើម្បីអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករទាំងអស់ និងក្រុមប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ជ្រាបជាដំណឹង និងចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានល្អស្អាត។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរក៏បានស្នើដល់ក្រុមអាជីវករទាំងអស់ និងពលរដ្ឋដែលមកលេងកម្សាន្តនៅអំឡុងពេលសង្ក្រាន្តខាងមុខនេះ សូមចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អ ដោយកុំចោលសំរាមផ្ដេសផ្ដាស កុំចោលសំរាមចូលទន្លេ-ស្ទឹង ត្រូវបោះសំរាមចូលធុងសម្រាម, បត់ជើងតូច-ធំ នៅក្នុងបន្ទប់ទឹកសាធារណៈ និងរួមគ្នាឈរលើកត្តាអនាម័យជានិច្ច ដើម្បីសោភ័ណភាពល្អស្អាតនៃទីក្រុងតាខ្មៅយើង៕