(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លាង ហៃ ជាវតាយ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន១២អង្គ និងបង្សុកូលប្រោះព្រំ សុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណជាន់ផ្ទាល់ដី អគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្តជាច្រើននាក់ទៀត។
នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រធម៌ ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ចូលកើតមានដល់អ្នកឱ្យបានគ្រប់ៗគ្នា និងសូមឱ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ជាវ តាវ ក៏បានធ្វើការបួងសួងសូមឱ្យបារមីដ៏ស័ក្តសិទ្ធិ នៅក្នុងខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គភាពជុំវិញខេត្តផងដែរ៕