(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានត្រៀមកម្លាំងជំនាញជិត ២០០នាក់ និងរថយន្តពន្លត់អគ្គិភ័យជិត៣០គ្រឿង ដេីម្បីអន្តរាគមន៍ នៅពេលមានគ្រោះអគ្គិភ័យកេីតឡេីងជាយថាហេតុ។
ដើម្បីឱ្យការងារគ្រប់គ្រង និងអន្តរាគមន៍គ្រោះអគ្គិភ័យនេះទទួលបានប្រសិទ្ធភាព ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ជាពិសេសដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រជុំកម្លាំងស្តីពី ការផ្សព្វផ្សាយផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដល់នាយរងការិយាល័យ-នាយផ្នែក នាយរងផ្នែក និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរៀបចំកម្លាំងឱ្យបានល្អ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ កាត់សក់ខ្លី ជាពិសេសអនុវត្តឱ្យបាននូវសម្តី កាយវិការឱ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច។
នៅក្នុងនោះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានថ្លែងថា «កម្លាំងជំនាញរបស់យេីង បានបែងចែកជាច្រេីនគោលដៅ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យកេីតឡេីង ជាពិសេស ទៅទៀតនោះ យេីងបានបែងចែករថយន្តពន្លត់អគ្គិភ័យនៅគោលដៅតាមខណ្ឌទាំង១៤ ដោយនៅក្នុងមួយខណ្ឌ យេីងមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង សម្រាប់ចេញជួយអន្តរាគមន៍បឋមជាមុន។ ក្នុងករណីដែលទីតាំងកេីតហេតុខាងលេី មានស្ថានភាពឆេះខ្លាំង ត្រូវការជំនាញ នោះ គឺយេីងនឹងបញ្ចេញរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ ក៏ដូចជាតាមបណ្តាលខណ្ឌទាំង១៤ ចេញជួយអន្តរាគមន៍ផងដែរ»។
ថ្លែងនៅក្នុងឱកាសនោះ លោកវរសេនីឯក ព្រហ្ម យ៉ន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានការរបស់រដ្ឋាភិបាល «៣កុំ និង៣ការពារ» និងវិធានការសុខាភិបាលទាំងអស់គ្នា៕