(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដើម្បីជម្រាបជូនសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC។
សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក KANDAYogo ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក-លោកស្រីជាសមាជិក នៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន និងជាម្ចាស់សហគ្រាសជប៉ុន ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជាជាង១០០នាក់។
សិក្ខាសាលានេះ មានគោលដៅផ្សព្វផ្សាយអំពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូ និកនិងពង្រឹងការអនុវត្តស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកាសលេខ ៥៤២សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេចក្តីណែនាំលេខ ២០៥២២ អពដ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សិក្ខាសាលាបានផ្តោតលើគោលដៅនៃ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការ E-Commerce, បុគ្គលជាប់អាករ និងការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ, ការផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិក,ការប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម និងរបាយការណ៍, ការចេញវិក្កយបត្រ, មធ្យោបាយទូទាត់ប្រាក់អាករលើតម្លៃបន្ថែម, និងឥណទានអាករលើតម្លបន្ថែម។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វិនិយោគិនជប៉ុនដែលតែងតែមានឆន្ទៈខ្ពស់ ក្នុងការស្វែងយល់ និងចូលរួមគោរពច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារនៃប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ។ ម៉្យាងទៀតកន្លងមកសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC តែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាការចូលរួមក្នុងកិច្ចពិភាក្សាដោះស្រាយរាល់កង្វល់ និងបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ ដែលម្ចាស់សហគ្រាសជប៉ុនកំពុងជួបប្រទះ ហើយសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC បានខិតខំក្នុងការផ្សព្វផ្សាយ បន្តជូនសមាជិកសមាគម ក្នុងការបំពេញកាតព្វកិច្ច និងពង្រឹងអនុលោមភាពសារពើពន្ធផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានជួបប្រជុំពិភាក្សាការងារ ជាមួយសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាដោះស្រាយនូវរាល់កង្វល់ និងបញ្ហាផ្សេងៗដែលម្ចាស់សហគ្រាសជប៉ុនជួបប្រទះ ដោយក្នុងនោះបានពិភាក្សាដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងសេចក្តីណែនាំស្តីពី ការគណនាពន្ធលើប្រាក់ចំណូលរបស់បុគ្គលិកបរទេស តាមការិយាល័យតំណាង, ករណីសិក្សាពន្ធលើអត្ថប្រយោជន៍បន្ថែម ព្រមទាំងបញ្ហានិងសំណូមពរផ្សេងៗដូចជា បានស្នើសុំបន្តការគាំទ្រ ពីអគ្គនាយកដ្ឋានពន្ធដារក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ជាពិសេសបទប្បញ្ញត្តិស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់សមាជិកសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន JBAC។
ក្នុងឱកាសនេះក៏មានវេទិកាសំណួរ-ចម្លើយ ដែលបានផ្តល់ឱកាស ដល់វិនិយោគិនជប៉ុនទាំងអស់លើកឡើងជាសំណួរ ហើយបានទទួលចម្លើយ យ៉ាងក្បោះក្បាយ។ បន្ថែមលើនេះទៀត អគ្គនាយកដ្ឋានពន្ធដារនឹងចេញវីដេអូណែនាំ ដើម្បីបង្កភាពងាយស្រួលជូនអ្នកជាប់ពន្ធក្នុងការងារប្រើប្រាស់ ក៏ដូចជាការដាក់ចេញនូវកម្រងសំណួរសួរជាញឹកញាប់ (Frequently Asked Questions - FAQs) ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ៕