(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល, សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ទូរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារ ដោយបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម នាពេលកន្លងទៅ។
ការវាយតម្លៃខ្ពស់បែបនេះ របស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងឱកាសលោក និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព រៀបចំព្រមគ្នានូវពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស. ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ដែលពិធីនេះ សហការប្រារព្ធធ្វើឡើងជាមួយរដ្ឋបាលខេត្តកណ្តាល, សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរទមពីមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ។
នៅក្នុងពិធីនេះដែរ ក៏មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ដើម្បីសូមសេចក្តីសុខចម្រើន និងសូមឱ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។
ក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឱ្យសាលាខេត្តកណ្តាល ជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមកផងដែរ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានខិតខំថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវចូលរួមថែរក្សាការពារឱ្យខានតែបាន នូវសុខសន្តិភាព សំដៅធ្វើយ៉ាងណាជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។ បន្ថែមពីនេះ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ បាន គង់ សោភ័ណ្ឌ បានអំពាវនាវដល់មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយនូវកម្មវិធី សង្ក្រាន្តខេត្តកណ្តាល ដែលរដ្ឋបាលខេត្តរៀបចំឡើងចំនួន០៣ថ្ងៃ គឺថ្ងៃ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ ដែលមានទីតាំងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដោយមានការលេងល្បែងប្រជាប្រិយចំរុះ ការតាំងពិព័ណ៍ ការរាំលេងកំម្សាន្ត និងកម្មវិធីជាច្រើនទៀត ដោយមាននឹងការប្រគុំតន្ត្រីផងដែរ៕