(កំពង់ធំ)៖ កត្តាសុខសន្និភាព ផ្តល់ឱកាសដល់កម្ពុជា កសាងធនធានមនុស្ស និងធនធានទ្រព្យសម្បត្តិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ។

នេះបើតាមការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងពិធីអញ្ជើញកាត់ខ្សែបូរណ៌ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តតាំងក្រសៅ រៀបចំឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

លោក ជា ចាន់តូ បានលើកឡើងថា «កត្តាសន្តិភាពក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើមានការរីកចម្រើនលើសមិទ្ធផលជាច្រើន បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧០-១៩៧៩។ សមិទ្ធផលទាំងអស់នេះមាន សាលារៀន ផ្លូវថ្នល់ វត្តអារ៉ាម ជាពិសេសធនធានមនុស្ស បង្កើតបានទំនាក់ទំនងការទូត ទំនាក់ទំនងរវាងប្រជាពលរដ្ឋ នៃប្រទេសមួយទៅប្រទេសមួយទៀត ហើយនេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ»

លោកបានបន្ថែមថា បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រទេសជាតិនឹងធ្លាក់ក្នុងភាពអន្តរាយគ្មានការរីកចម្រើន ហើយប្រជាពលរដ្ឋនឹងរងទុក្ខលំបាកគ្រាប់ពេលវេលា។ក្រោមមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវប្រជាពលរដ្ឋទូទាំងប្រទេសផ្តល់នូវសេចក្តីជឿទុកចិត្ត ប្រគល់សម្លេងឆ្នោតជូន តាមរយៈការបោះឆ្នោតដោយសុក្រឹត្រ យុត្តិធម៌ និងសេរីពហុបក្ស។

គណបក្សប្រជាជនកម្ពុជាបានរំដោះ និងដឹកនាំប្រទេសពីសង្គ្រាម រក្សាសន្តិភាព និងចាប់ផ្តើមអភិវឌ្ឍន៍ពីភ្នក់សង្គ្រាមរហូតមកដល់បច្ចុប្បន្ន លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រឲ្យដើរទន្ទឹមគ្នា។

ដើម្បីឲ្យកម្ពុជាបន្តរក្សាសន្តិភាព ឯកភាពជាតិ បង្កើតទំនាក់ទំនងសាមគ្គីភាពនោះ, កាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញ គឺការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំប្រកដោយចក្ខុវិស័យ ស្រឡាញ់ពលរដ្ឋ ការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព។ ដោយឡែកនៅឲថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាពេលវេលារបស់ប្រជាពលរដ្ឋគ្រប់រូបជ្រើសតំណាង ក្នុងការដឹកនាំមូលដ្ឋានប្រកបដោយសុឆន្ទៈបន្តទៀត។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនប្រជាពលរដ្ឋពិត និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខ ធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើនបន្តទៀត៕