(ភ្នំពេញ)៖ លោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចំាកម្ពុជា បានបញ្ជាក់ថា ប្រធានាធិបតីសិង្ហបុរីមាន បំណងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គឹម ពិសិដ្ឋ អ្នកនាំពាក្យសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារ រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចំាកម្ពុជាបានបញ្ចប់នៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ។ ដំណើរទស្សនកិច្ច គឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
លោក គឹម ពិសិដ្ឋ បានប្រាប់ឲ្យដឹងថា ក្រៅពីគម្រោងនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ មកកាន់កម្ពុជា ក្នុងពេលឆាប់ៗនេះ ភាគីទាំងពីរក៏បានប្តេជ្ញាថា នឹងពង្រឹងទំនាក់ទំនងរវាងគ្នានឹងគ្នាឲ្យកាន់តែរឹងមុំាថែមមួយកំរិតទៀត។
លោក គឹម ពិសិដ្ឋ បន្តថា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានថ្លែងអំណរគុណដល់ លោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋសិង្ហបុរីប្រចំាកម្ពុជា ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អនៅកម្ពុជា។ សម្តេច ហេង សំរិនថា លោក ខេវីន ឆក បានពង្រឹងប្រតិបត្តិការការងារផ្នែកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ជាពិសេសការបណ្តុំបណ្តាលធនធានមនុស្សនៅកម្ពុជា វិស័យសុខាភិបាល និងទេសចរណ៍បានយ៉ាងល្អប្រសើរ និងរីកចំរើនទៅមុខ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃច័ន្ទ វេលាម៉ោង៩៖០០នាទីព្រឹក សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋសិង្ហបុរី ប្រចំាកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា៕