(មណ្ឌលគិរី)៖ ផ្ទះឈើប្រក់សង្ក័សីទំហំ៩.៥ម៉ែត្រ គុណ១៣ម៉ែត្រ នៅចំណុច ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ បណ្តាលមកពីការធ្វេសប្រហែស ដោយសារដុតភ្លើងទៀន ទុកចោលហើយម្ចាស់ចេញទៅឆ្លុះសត្វ។
កូនប្រុសស្រីតូចៗចំនួន៣នាក់របស់គ្រួសារខាងលើ សំណាងល្អរួចផុតពីការគ្រោះថ្នាក់គ្រា ដែលមានភ្លើងឆេះផ្ទះ។
លោក កាន់ ពេញ អធិការស្រុកកោះញែកបានបញ្ជាក់ថា ប្តីប្រពន្ធ ជួបគ្រោះថ្នាក់ខាងលើនេះ មានឈ្មោះ ក្រិះ សំណាង (ជាប្តី)អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះ សំ សោភ័ណ្ឌ មានកូនបីនាក់ កំពុងដង្ហោយរកជំនួយសង្គ្រោះបន្ទាន់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លោកកំពុងចាត់ចែងឲ្យអាជ្ញាធរខេត្ត រួមនឹងកាកបាទក្រហមខេត្ត ព្រមទាំងអាជ្ញាធរស្រុកចុះ ទៅកាន់កន្លែងកើតហេតុ ដើម្បីយកអំណោយមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជាទៅផ្តល់ ជូនគ្រួសាររងគ្រោះ៕