(ភ្នំពេញ)៖ សមាជិករណសិរ្សរំដោះជាតិខ្មែរ មួយរូប ដែលជាចលនាខុសច្បាប់ បង្កើតឡើងដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់កំហុសចំពោះទង្វើក្បត់ជាតិនេះ ហើយសំណូមពរឲ្យសាលាឧទ្ធរណ៍ជួយបន្ធូរបន្ថយទោស ។
ជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ អាយុ៣៤ឆ្នាំ បានសារភាពបែបនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ខណៈសាលាឧទ្ធរណ៍ កាត់ទោសរូបលោកពីបទរួមគំនិតក្បត់ជាតិ និងក្លែងឯកសារសាធារណៈ។
មន្រ្តីសាលាឧទ្ធរណ៍ ថ្លែងថា ជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១២ រហូតដល់ឆ្នាំ ខែឧសភា ឆ្នាំ ២០១៤។ ប៉ុន្តែជនជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍។
ក្នុងសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទ បានសារភាពថា ពិតជាបានចូលរួមចលនាប្រឆាំងរាជរដ្ឋាភិបាល ប្រាកដមែន ។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនដឹងកំហុសហើយ សូមឲ្យសាលាឧទ្ធរណ៍ជួយបន្ធូរបន្ថយទោស។ ដោយឡែក បទ ក្លែងឯកសារសាធារណៈ ជនជាប់ចោទស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម ប៉ុល សំអឿន បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះវិញ។
គួររំលឹកថា សមត្ថកិច្ចនគរបាលនៃ សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ ឈ្មោះ ហ៊ឹន ចាន់ ដោយដកហូតបានសៀវភៅ របស់រណសិរ្សរំដោះជាតិខ្មែរ ដែលមានសរសេររៀបរាប់លំអិត អំពីចលនារបស់រណសិរ្សរំដោះជាតិខ្មែរ ទស្សនវិន័យ គោលបំណង និងទិសដៅ ចំនួនជាង២៥០ក្បាល និងសៀវភៅឆ្លងដែនខ្មែរ ក្លែងក្លាយ ចំនួន១ក្បាល៕