(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កម្ពុជាអាចសម្រេចបាននូវភាពស៉ាំសហគមន៍ពេញលេញ ដោយប្រើពេលត្រឹមតែប្រមាណ ៨ ខែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅវិមានសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែង, ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាអាចសម្រេចបាននូវភាពស៉ាំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ ខែប៉ុណ្ណោះ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឱ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លង ចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ»។
បើតាមប្រសាសន៍ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាព ប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព។ ជាលទ្ធផល, នាពេលថ្មីៗនេះ, ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣% នៅក្នុងឆ្នាំ២០២២ និង ៦,៥% នៅក្នុងឆ្នាំ២០២៣។
សូមជម្រាបថា កម្ពុជាទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នកម្ពុជា កំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងផងដែរ។
ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។
ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានទៀត។
តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញ។
លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។
កម្ពុជាក៏ទើបត្រូវបានសារព័ត៌មានជប៉ុន សិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស។
លទ្ធផលទាំងនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ៕