(ភ្នំពេញ)៖ ការប្រគំតន្ត្រីសប្បុរសធម៌នៅ សាលសន្និសីទចតុមុខ ក្រោមវត្តមានកញ្ញា ឯកពិភពលោក « Miss Global 2015» ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី០៨ ខែឧសភាឆ្នាំ២០១៦ ប្រមូលថវិកាបាន១០៥១០ដុល្លារ និងលុយខ្មែរជាង៣០លានរៀល (គិតជា ដុល្លារ ជាង៧ពាន់ដុល្លារ) បានពីការបរិច្ចាគ ពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ថវិកាដែលប្រមូលបាន ចំនួន១០៥១០ដុល្លារ និងលុយខ្មែរជាង៣០លានរៀល ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមថវិកា១៥លានរៀល និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៥លានរៀល។
លោកស្រី ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងនៅក្នុងពិធី បើកការប្រគំតន្ត្រីសប្បុរសធម៌ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅ សាលមហោស្រពចតុមុខថា «ព្រឹត្តិការណ៍សម្តែងសិល្បៈ ដ៏សប្បាយរីករាយ ស្របពេលដែលប្រទេស ជាតិយើង មានសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ចខ្ពស់ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់ អត្រានៃភាពក្រីក្រ របស់ប្រជាពលរដ្ឋបានថយចុះយ៉ាងលឿន ឆ្លើយតបបានទៅនឹងសូចនាករអភិវឌ្ឍ សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ ។ តន្ត្រីសប្បុរធម៌នេះ ជាការបង្ហាញពីឧត្តមគិត មនសិកាជួយគ្នាទៅវិញទៅមក និងស្មារតីសាមគ្គីភាពរបស់យើងទាំងអស់គ្នា ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជួយដល់សង្គមជាតិ និងអ្នកក្រីក្រ»។
ក្នុងឱកាសនោះដែរ តំណាងសម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្មវិធីសម្តែងសិល្បៈសប្បុរធម៌ ធ្វើឡើងចំពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និងអំពាវនាវដល់សកម្មភាព មនុស្សធម៌នានាជួយដល់សង្គម និងរួមចំណែកជំរុញ សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ ដែលកំពុងជួបប្រទះ ការលំបាកខាងថវិកា និងជួយសម្រាលបន្ទុកដ៏ធ្ងន់ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា តន្ត្រីសប្បុរសធម៌នេះ ត្រូវបានផ្តួចផ្តើមឡើង ដោយសមាគមសិល្បករខ្មែរ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីគណៈ ប្រតិភូបវកញ្ញាគ្លូបលអន្តរជាតិ២០១៥ « Miss Global 2015» មកពីប្រទេស អូស្រ្តាលី,អាមេរិក, ប៊ុលការី ,អ៊ុយហ្គ័រ និងទស្សនិជនជាច្រើននាក់។ កម្មវិធីនេះមានរបាំ ចម្រៀង ឆាកកំប្លែង និងការបង្ហាញម៉ូដ ប្រកបដោយទេពកោសល្យ យ៉ាងប៉ិនប្រសព្វ ពីសំណាក់តារា សិល្បករសិល្បការិនីជាច្រើន ដែលញ៉ាំងឲ្យពិធីនេះ រិតតែមានភាពសប្បាយរីករាយ និងអធិកអធមទ្វេដង។
លោកស្រី ម៉ែន សំអន បានអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយរួមចំណែក ជាវិភាគទានតាមសទ្ធាជ្រះថ្លា រៀងៗខ្លួន ដើម្បីជជួយដល់សកម្មភាពសប្បុរសធម៌។ លោកស្រីបន្ថែមថា «ខ្ញុំសូមបញ្ជាក់អះអាងថា ថវិកាដែលបានមកពីការរៃអង្គាស ក្នុងពិធីនេះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងគោលដៅមនុស្សធម៌ គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ ដែលកំពុងត្រូវការជំនួយ»។
តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាលោកស្រី ម៉ែន សំអន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នករៀបចំកម្មវិធីអ្នកចូលរួម និងសប្បុរសជន ទាំងអស់ផងដែរ៕