(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឧបត្ថម្ភអង្ករ១បាវ ភេសជ្ជៈ១កេស និងថវិកា៥ម៉ឺនរៀល ស្មើៗគ្នាដល់មន្ត្រីក្រោមឱវាទទាំងអស់ ក្រៅពីផ្ដួចផ្ដើមរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាំលេងកំសាន្ដ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
លោក ថេង សុថុល ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះដែរ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ ប្រការចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធ ប្រធាន-អនុប្រធានការិយាល័យជុំនាញទាំង១១ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌចំការមន សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕