(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែម ដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ នៅទូទាំងប្រទេសកម្ពុជា។

ពិធីអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងមានការចូលរួមលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង, លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកាចំនួន ៥០ ០០០ដុល្លារជារៀងរាល់ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងអនេក ចំពោះអ្នកឧកញ៉ា គិត ម៉េង និងភរិយា ចំពោះការប្តេជ្ញាចិត្តដ៏ខ្លាំង ក្នុងការគាំទ្រការងារ សប្បុរសធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។

លោកបណ្ឌិតបានបញ្ជាក់ថា ភាពជាដៃគូនេះបានបង្ហាញថា ការប្តេជ្ញាចិត្តរបស់ក្រុមការងារ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវទទួលស្គាល់កាន់តែច្រើនឡើងពីសាធារណជន ហើយមនុស្សកាន់តែច្រើនឡើង ដែលមានឆន្ទៈក្នុងការចូលរួមដំណើរ ជាមួយក្នុងការដោះស្រាយបញ្ហាសហគមន៍។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងខែធ្នូ ឆ្នាំ២០១២ តាមរយៈគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើក កម្ពស់ការចូលរួមរបស់យុវជនស្ម័គ្រចិត្ត ក្នុងការងារសង្គម។

អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ចំពោះសហគមន៍។ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកស្ម័គ្រចិត្តរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការពារ សហគមន៍ ក្នុងអំឡុងពេលជំងឺរាតត្បាត។ យើងសូមគោរពយ៉ាងខ្ពស់ ចំពោះការរួមចំណែកដោយមិនគិតពីខ្លួនឯង របស់អ្នកទាំងអស់គ្នា។

ក្នុងអំឡុងពេលជំងឺរាតត្បាតក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកស្ម័គ្រចិត្ត របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានធ្វើការទាំងថ្ងៃទាំងយប់ នៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ការព្យាបាល ដល់អ្នកជំងឺចំនួន ២៥ ៨៤២នាក់ ការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋចំនួន ៣០០ ៥០៥ នាក់នៅក្នុងរាជធានីភ្នំពេញ និងប្រមូលសំណាក បានពីមនុស្ស ៨៧១ ៧៨៦នាក់។

សូមបញ្ជាក់ដែរថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ សម្រាប់ការងារសប្បុរសធម៌ ដោះស្រាយបញ្ហាប្រឈម ដែលសហគមន៍កំពុងប្រឈម។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ាបានបរិច្ចាគថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់សមាគមក្នុងការទប់ស្កាត់ ការឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឲ្យ រឹងម៉ល យកអាហារពីហាង KFC ចំនួនពីរដងទៅជូនក្រុមការងារ ដ៏ក្លាហាននៃសមាគម គ្រូពេទ្យស្ម័ គ្រចិត្តយុវជនសម្តេចតេជោ។ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដទៃទៀត នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្ត សប្បុរសធម៌ ដើម្បីជួយដល់សហគមន៍ ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗជាច្រើន នាពេលកន្លងមកផងដែរ៕