(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលជិតចូលមកដល់នាពេលខាងមុខនេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ គ្រប់ប្រភេទនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ផាត សាវុទ្ធ ប្រធានសាខា (កបប) ខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ត្រីជំនាញបានពិនិត្យទំនិញជាច្រើនមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់ខាងមុខនេះ ក្នុងនោះក៏បានពិនិត្យទំនិញដែលមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វេីការត្រួតពិនិត្យ ងៀតត្រីបបែល ៤.៣គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ និងទឹកដោះគោខាប់១កំប៉ុង ខូចគុណភាព និងអាលកុលក្លែងក្លាយ១៨ដប។ ចំពោះទំនិញខូចគុណភាព ត្រូវបានធ្វេីការដកហូត និងពិន័យទៅតាមនិតិវិធីច្បាប់។ ចំពោះទំនិញទាំងអស់នេះ ត្រូវបានដកហូតយកមករក្សាទុកដុតកំទេចចោល និងធ្វេីការពិន័យ ទៅតាមនិតិវិធីច្បាប់។ ចំណែកប៊ីចេង សញ្ញារូបវែក ក្លែងក្លាយ គឺពុំមានឃេីញដាក់លក់នៅលេីទីផ្សារនោះទេ។
ជាមួយគ្នានេះ លោក ផាត សាវុទ្ធ បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដែលដាក់នៅក្នុងមុខទំនិញ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋទាំងអ្នកទិញ និងអ្នកលក់។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឲ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់៕